រដ្ឋបាល​ជលផល កំពុង​ស្វះ​ស្វែងរក​មធ្យោបាយ​សម្រាប់​ការគ្រប់គ្រង​និង​អភិរក្ស​សត្វ​ក្រពើ​

31

កំពង់ឆ្នាំង ៖ នាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ម្សិលម៉ិញ បានធ្វើសិក្ខាសាលាមួយរយៈពេលមួយថ្ងៃ ក្នុងក្រុងកំពង់ឆ្នាំង ស្តីពីការកសាងផែនការសកម្មភាពជាតិ សម្រាប់ការគ្រប់គ្រង និងអភិរក្សសត្វក្រពើ រយៈពេល៥ឆ្នាំ ពី២០១៧ ដល់២០២១ ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប។

លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក្នុងសិក្ខសាលានេះ បានលើកឡើងថាគោលបំណងនៃសិក្ខាសាលានេះ គឺចង់ប្រមូលផ្តុំគំនិតយោបល់ បទពិសោធន៍ របស់អ្នកចិញ្ចឹមក្រពើ រួមជាមួយមន្ត្រីរដ្ឋបាលជលផលពាក់ព័ន្ធ ដើម្បីកសាងផែនការសកម្មភាពជាតិសម្រាប់ការគ្រប់គ្រងនិងអភិរក្សក្រពើនៅកម្ពុជា ហេតុនេះ សិក្ខាកាមទាំងអស់ត្រូវតែនាំគ្នាបញ្ចេញគំនិតយោបល់រាល់ចំណុចខ្លាំង ខ្សោយ ចំណុចប្រឈមនានាក្នុងការចិញ្ចឹមក្រពើក្នុងកសិដ្ឋានរបស់ខ្លួនកន្លងមក។

កម្មវិធីនេះ មានការចូលរួមពីខណ្ឌរដ្ឋបាលជលផល៤ខេត្ត គឺខេត្តកំពង់ឆ្នាំង កំពង់ធំ បាត់ដំបង និងសៀមរាម និងមានអ្នកចិញ្ចឹមក្រពើតាមខេត្តមួយចំនួនខាងលើ ចូលរួមសរុបជាង១០នាក់ផងដែរ។

លោក សោម ភិរុណ បានបញ្ជាក់ថា ការចុះបញ្ជីការរបស់កសិដ្ឋានចិញ្ចឹមក្រពើ ក៏ជារឿងចាំបាច់មួយផងដែរ ដើម្បីគ្រប់គ្រងស្ថិតិគ្រប់គ្រាន់ ងាយស្រួលអង្គការដៃគូ ឫ ថ្នាក់ជាតិជួយរកទីផ្សារលក់ដូរជូន។

លោកបានសំណូមពរដល់កសិដ្ឋានទាំងអស់ ត្រូវមានទំនាក់ទំនងគ្នាឲ្យបានល្អ ដើម្បីទីផ្សារមានតម្លៃដូចគ្នា និងស្នើសុំអង្គការដាក់បញ្ចូលកម្មវិធីទស្សនកិច្ចសិក្សាទៅវិញទៅមក ពីខេត្តមួយទៅខេត្តមួយ ដើម្បីស្រាវជ្រាវយកបទពិសោធន៍ល្អៗ ពីគ្នា ក្នុងការចិញ្ចឹមក្រពើ។ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន មានកសិដ្ឋានចិញ្ចឹមក្រពើចំនួន១៥កន្លែង និងមានក្រពើសរុបចំនួនជាងបួនម៉ឺនមួយពាន់ក្បាល។

លោក លៀង សារឿន មន្ត្រីនាយកដ្ឋានអភិរក្សជលផល បានធ្វើការដឹកនាំការពិភាក្សាជាមួយអ្នកចិញ្ចឹមក្រពើ ដោយដាក់ចេញនូវផែនការសកម្មភាពរយៈពេល៥ឆ្នាំ គឺជំរុញការចិញ្ចឹមក្រពើប្រកបដោយគុណភាព ផ្តល់បច្ចេកទេសព្យាបាលជំងឺ ជំរុញការចិញ្ចឹមក្រពើនាំចេញក្នុងស្រុក និងទៅក្រៅប្រទេសឲ្យមានប្រសិទ្ធភាព និងស្របច្បាប់។ ទំនាក់ទំនងដៃគូវិនិយោគទុនក្នុងស្រុក និងវិនិយោគទុនក្រៅប្រទេស ជំរុញការចុះបញ្ជីការអ្នកចិញ្ចឹមក្រពើទាំងអស់ឲ្យបានស្របច្បាប់ ជំរុញការលែងក្រពើទៅក្នុងដែនធម្មជាតិ បង្កើនការយល់ដឹងជាសាធារណៈដល់អ្នកគ្រប់គ្រង អ្នកចិញ្ចឹមក្រពើ និងសហគមន៍ អំពីលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធតួនាទី ទីកន្លែងអភិរក្សក្រពើ បង្កើនមុខរបរចិញ្ចឹមជីវិតដល់ប្រជាពលរដ្ឋរស់នៅក្បែរតំបន់អភិរក្សក្រពើធម្មជាតិ។

អ្នកចិញ្ចឹមសត្វក្រពើម្នាក់ នៅក្នុងក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្នទីផ្សារលក់ក្រពើនៅកម្ពុជាពុំមានឡើយ ។ ចំណែកតម្លៃកូនក្រពើតូចៗសព្វថ្ងៃ មួយក្បាលថ្លៃតែ៧ទៅ៨ដុល្លារ តែប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០០៥ កូនក្រពើតូចៗនេះ ក្នុងមួយក្បាលលក់បានពី៤០ទៅ៥០ដុល្លារឯណោះ។

លោកបានអំពាវនាវដល់រាជរដ្ឋាភិបាល អង្គការដៃគូ និងរដ្ឋបាលជលផល ជួយរកទីផ្សារក្រពើឲ្យផង ហើយលោកសូមគាំទ្រការកសាងផែនការសកម្មភាពជាតិសម្រាប់ការគ្រប់គ្រង និងអភិរក្សក្រពើ រយៈពេល៥ឆ្នាំខាងលើនេះមួយរយភាគរយ៕

kn crocodile kn2 crocodile kn1 crocodile kn