បញ្ជាការដ្ឋាន​អង្គរក្ស គោរព​វិញ្ញាណក្ខន្ធ​ជូន​ដល់​យុទ្ធ​មិត្ត​ដែល​បាន​ពលី​មរណៈ​ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ

287

ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី០៧មេសានេះបានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានបង្សុកូលនិមន្តព្រះសង្ឃ១២០អង្គបិណ្ឌបាតនិងបុណ្យឧទ្ទិសកុសលគោរពវិញ្ញាណក្ខន្ធជូនដល់យុទ្ធមិត្ត ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

ភ្នំពេញ៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ឌៀង សារុន មេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្សបានលើកឡើងពីសកម្មភាពការងាររបស់អង្គរក្សកន្លងមក ដែលបានចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំមកពីបណ្ដាលប្រទេសលើពិភពលោក និងការពារជាតិមាតុភូមិបូរណភាពទឹកដី នៅតំបន់ព្រំដែនព្រះវិហារជាពិសេសសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារនិងភ្ញៀវជាតិអន្តរជាតិមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជា និងបានចូលរួមដកស្ទូងច្រូតកាត់បូមទឹកជូនប្រជាពលរដ្ឋនៅពេលរាំងស្ងួតនិងជាសេនាធិការក្នុងការជួយប្រជាពលរដ្ឋពេលរងដោយសារគ្រោះធម្មជាតិផ្សេងៗជាមួយកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រមុខដឹកនាំ។

ឯកឧត្ដមនាយឧត្ដមសេនីយ៍ហ៊ីង ប៊ុនហៀង បានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិមាតុភូមិនិងសេចក្ដីក្លាហានរបស់នាយនិងពលទាហានក្នុងបុព្វហេតុការពារបូរណភាពទឹកដីនិងប្រមុខថ្នាក់ដឹកនាំជាតិ។

ឯកឧត្ដម បានផ្ដាំផ្ញើចំពោះនាយនិងពលទាហានទាំងអស់ត្រូវរួបរួមសាមគ្គីផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរស់នៅ។នៅពេលចុះបំពេញបេសកម្មត្រូវចាត់ទុកប្រជាពលរដ្ឋជាឱពុកម្ដាយមិនត្រូវបង្កការរំខានប៉ះទង្គិចដល់អារម្មណ៍របស់ប្រជាពលរដ្ឋជាពិសេសត្រូវខិតខំហាត់ពត់លត់ដំខ្លួនឱ្យបានល្អ ឱ្យស័ក្តិសមជាអង្គរក្សសម្ដេចនាយករដ្ឋមន្ត្រី។

ក្នុងពេលឱកាសបុណ្យចូលឆ្នាំ ខណៈប្រជាជនកំពុងប្រារព្ធពិធីអបអរចូលឆ្នាំថ្មីទទួលទេវតាទៅវត្តអារាមស្រុកកំណើតនិងដើរកម្សាន្តនៅតាមរមណីយដ្ឋាននានាសូមបងប្អូននាយនិងពលទាហានត្រូវប្រចាំការក្នុងបន្ទាយដើម្បីត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមនាយឧត្ដមសេនីយ៍ហ៊ីង ប៊ុន ហៀង និងលោកជំទាវព្រមទាំងនាយនិងពលទាហានបាននិមន្តព្រះសង្ឃសូត្រមន្តនិងរាប់បាតព្រះសង្ឃ១២០អង្គដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធនាយនិងពលទាហានបញ្ជាការដ្ឋានអង្គរក្សដែលបានពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិផងដែរ។

ក្នុងឱកាសនោះឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានប្រគេនទេយ្យទានព្រះសង្ឃតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា៨វត្តក្នុង១វត្តមានអង្ករមីទឹកត្រីទឹកស៊ីអ៊ីវត្រីខទឹកដោះគោប៊ីចេង និងបច្ច័យមួយចំនួន៕