NOCC ប្រគល់ថវិកាជាង ១៣ម៉ឺនដុល្លារបានពីការរត់ម៉ារ៉ាតុងអន្តរជាតិអង្គរដល់អង្គការមនុស្សធម៌ចំនួន៩

109

អូឡាំពិក៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបរិច្ចាគថវិកាសប្បុរសធម៌ចំនួន ១៣៥,៤០០ដុល្លារដែលទទួលបានពីការរៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ-អង្គរ លើកទី២១ នៅខេត្តសៀមរាបកាលពីខែធ្នូឆ្នាំ២០១៦ កន្លងទៅ ដល់អង្គការមនុស្សធម៌ និងមន្ទីរពេទ្យកុមារសរុបចំនួន៩ ដើម្បីរួមចំណែកជួយដល់សង្គមតាមរយៈការរៀបចំព្រឹត្តិការណ៍អន្តរជាតិមួយនេះ។

M13ថ្លែងក្នុងពិធីប្រគល់ថវិកាសប្បុរសធម៌នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីចុងសប្ដាហ៍មុន ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ថវិកាទាំងអស់នេះគឺបានមកពីព្រឹត្តិការណ៍រត់លក្ខណៈអន្តរជាតិខាងលើ តាមរយៈកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួម ពិសេសគឺការចូលរួមរបស់ក្រុមហ៊ុនដៃឧបត្ថម្ភ ដែលជំរុញឲ្យគណៈកម្មការរៀបចំទទួលបានថវិកាសប្បុរសធម៌ប្រចាំឆ្នាំ២០១៦ កើនឡើងដល់ទៅជាង២០០%។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដដែលបានបញ្ជាក់ថា នេះគឺជាមោទនភាពមួយដែលព្រឹត្តិការណ៍អន្តរជាតិមួយនេះ អាចរកបានថវិកាសប្បុរសធម៌ដ៏ច្រើន ដើម្បីបរិច្ចាគជួយដល់សង្គមជាតិ។ ដោយហេតុនេះឯកឧត្ដមបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងជនបរទេសចូលរួមគាំទ្រព្រឹត្តិការណ៍ឲ្យបានកាន់តែច្រើន ដើម្បីស្វែងរកថវិកាសប្បុរសធម៌ជួយដល់សង្គម និងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិបន្ថែមទៀត។

ចំពោះថវិកាប្រគល់ជូនអង្គការមនុស្សធម៌ខាងលើ រួមមានអង្គការ Cambodia Trust ចំនួន ២,៦០០ដុល្លារ, អង្គការ Cambodia Disable Artilleties Federation(CDAF) ចំនួន២,៤០០ដុល្លារ, អង្គការ Handicap international Belgium ២,០០០ដុល្លារ, អង្គការ Support Disable Athletics ចំនួន ២,៤០០ដុល្លារ, អង្គការ New Child Care Center (NCCC) ២,០០០ដុល្លារ, អង្គការ Physical Education Project ២,០០0ដុល្លារ និងអង្គការ Youth Development Project ២,០០០ដុល្លារ។ ដោយឡែកមន្ទីរពេទ្យកុមារអង្គរវិញ គឺទទួលបានច្រើនជាងគេចំនួន ១១០,០០០ដុល្លារ ដោយសារការមើលឃើញពីតម្រូវការដ៏ច្រើននៃមន្ទីរពេទ្យកុមារមួយនេះ ទើបគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រេចផ្ដល់ជូនថវិកាមនុស្សធម៌ច្រើនជាងគេ។

ចំណែកកាកបាទក្រហមកម្ពុជា ដែលត្រូវទទួលបានចំនួន ១០,០០០ដុល្លារនឹងត្រូវផ្ដល់ជូនក្នុងពេលឆាប់ៗខាងមុខដោយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានគម្រោងជួបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្ទាល់តែម្ដង៕

អត្ថបទ លី ឈុនឡា