ស្វាយរៀង​បន្ដ​ឈរ​កំពូល​តារាង ក្រោយ​លត់​ស៊ីម៉ាក់ ៧-០ ជា​កាដូ​ឆ្នាំ​ថ្មី​

138

បាល់ទាត់៖ មុនផ្អាកការប្រកួតបណ្ដោះអាសន្ដ ដើម្បីអបអរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៧ នាពេលឆាប់ៗខាងមុខក្រុមព្រះខ័នរាជស្វាយរៀង បានទទួល ៣ពិន្ទុបន្ថែមយ៉ាងងាយតាមរយៈការយកឈ្នះក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ឬក្រុមស៊ីម៉ាក់យ៉ាងចាស់ដៃដោយលទ្ធផល ៧-០ កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីពង្រឹងកៅអីកំពូលតារាងរបស់ខ្លួនក្នុងសប្ដាហ៍ទី៧ នៃការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជារដូវកាលថ្មីនេះ។

M15សម្រាប់ការប្រកួតធ្វើឡើងលើទីលានកងយោធពលខេមរភូមិន្ទ(ស្ដាតចាស់)នេះ ក្រុមព្រះខ័នរាជស្វាយរៀងក្នុងឋានៈជាក្រុមភ្ញៀវធ្វើបានយ៉ាងល្អ ដោយមានឱកាសទាត់បាល់បំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះស៊ីម៉ាក់ជាបន្តបន្ទាប់ ក្នុងនោះកីឡាករ Ugochukwu Obi, Chigozie និងកីឡាករ ណុប តុលា សុទ្ធតែរកបានម្នាក់ ២គ្រាប់ដូចគ្នា ខណៈមួយគ្រាប់ទៀតធ្វើសម្រេចដោយកីឡាករ គន្ធា រ៉ាវ៉ាន់។ ចំណែកក្រុមស៊ីម៉ាក់ក៏ព្យាយាមវាយបកផងដែរតែគ្មានឱកាសល្អនោះឡើយ។ ជ័យជម្នះនេះបានធ្វើឲ្យអតីតក្រុមជើងឯកឆ្នាំ២០១៣ ព្រះខ័នរាជស្វាយរៀង រក្សាកៅអីកំពូលតារាងរបស់ខ្លួនដោយមាន ១៩ពិន្ទុក្នុងដៃជាមួយលទ្ធផល ៧ប្រកួតឈ្នះ៦ និងស្មើ១ ហើយប្រដេញតាមពីក្រោយដោយក្រុមក្រសួងការពារជាតិដដែល បន្ទាប់ពីក្រុមដឹកនាំដោយលោក ទេព ឡុងរចនា នេះបានយកឈ្នះក្រុមម្ចាស់ផ្ទះវេស្ទើនដោយលទ្ធផល ២-០ ដែលធ្វើឲ្យក្រសួងការពារជាតិឈរលេខរៀងទី២ និងមាន ១៧ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៧ប្រកួតឈ្នះ៥ និងស្មើ២ មិនស្គាល់ចាញ់ដូចគ្នា។

M16ចំណែកក្រុមភ្នំពេញក្រោនវិញបានធ្លាក់ពីកៅអី ៤ក្រុមកំពូលតារាងទៅហើយ ក្រោយប្រកួតចាញ់ក្រុមវេស្ទើន ដោយលទ្ធផល ៣-១។ បច្ចុប្បន្នភ្នំពេញក្រោនឈរលេខរៀងទី៥ និងមាន ១១ពិន្ទុជាមួយការប្រកួត ៧លើកឈ្នះ៣ ស្មើ២ និងចាញ់២ ខណៈវេស្ទើនឈរលេខរៀងទី៨ និងមាន ៨ពិន្ទុ ដោយ ៧ប្រកួតឈ្នះ២ ស្មើ២ និងចាញ់៣។ រីឯក្រុមឡើងមកជំនួសកៅអី ៤ក្រុមកំពូលតារាង រួមមានក្រុមបឹងកេតអង្គរ និងក្រុមណាហ្គាវើល បន្ទាប់ពីក្រុមខ្លាំងទាំងពីរបានយកឈ្នះលើក្រុមអគ្គិសនីកម្ពុជា និងក្រុមអាស៊ីអឺរ៉ុបដោយលទ្ធផល ៤-០ ដូចគ្នាកាលពីម្សិលមិញ។ តាមរយៈការរកបាន ៣ពិន្ទុបន្ថែមនេះបានធ្វើឲ្យក្រុមបឹងកេតអង្គរឡើងឈរលេខរៀងទី៣ និងមាន ១៤ពិន្ទុ ក្រោយឆ្លងកាត់ ៧ប្រកួតឈ្នះ៤ ស្មើ២ និងចាញ់១ ខណៈក្រុមណាហ្គាវើលឈរលេខរៀងទី៤ និងមាន ១២ពិន្ទុក្នុងចំណោម ៧ប្រកួតឈ្នះ៣ ស្មើ៣ និងចាញ់១៕

អត្ថបទ លី ឈុនឡា