កម្ពុជា​ឡើងទៅ​ក្រុម III នៃ​ព្រឹត្តិការណ៍ Davis Cup ជាថ្មី ក្រោយ​ទម្លាក់​អូ​ម៉​ង់​ដោយ​លទ្ធផល ២-០

85

តេន្នីស៖ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាបានដណ្ដើមកៅអីក្រុម III នៃព្រឹត្តិការណ៍វាយកូនបាល់ Davis Cup ប្រចាំតំបន់អាស៊ី/អូសេអានី ឆ្នាំ២០១៨ ត្រឡប់មកវិញហើយ បន្ទាប់ពីបំបាក់ក្រុមខ្លាំងអូម៉ង់ដោយលទ្ធផល ២-០ ក្នុងការប្រកួតខ្វែងពូលក្រុម IV កាលពីចុងសប្ដាហ៍កន្លងទៅនៅទីក្រុងអ៊ីសាប្រទេសបារ៉ែន ។

 

សម្រាប់បេសកកម្មប្រកួតជម្រុះក្រុម IV រយៈពេល ១សប្ដាហ៍នៅលើទឹកដីប្រទេសបារ៉ែន ក្រុមកីឡាវាយកូនបាល់កម្ពុជាធ្វើបានយ៉ាងល្អដោយដណ្ដើមបានកៅអីក្រុម III ដោយមិនស្គាល់ពាក្យចាញ់ឡើយ ក្នុងនោះប្រកួតវិលជុំក្នុងពូលA បានយកឈ្នះក្រុមម្ចាស់ផ្ទះបារ៉ែន, កៀហ្ស៊ីស៊ីស្ថាន, មីយ៉ាន់ម៉ា និងអារ៉ាប់ប៊ីសាអូឌីតជាបន្ដបន្ទាប់ មុននឹងបន្តយកឈ្នះក្រុមជម្រើសជាតិអូម៉ង់ក្នុងលទ្ធផល ២-០ ដោយមិនបាច់ប្រកួតលើវិញ្ញាសាវាយគូ ក្នុងវគ្គខ្វែងពូល។ ចំពោះការប្រកួតរវាងក្រុមកីឡាវាយកូនបាល់កម្ពុជា ដែលជាក្រុមលេខ១ ពូលA និងក្រុមលេខ៣ ពូលB គឺក្រុមអូម៉ង់ កីឡាករ ឡុង សំនៀង និងកីឡាករឆ្នើម ប៊ុន កេន្នី ធ្វើបានយ៉ាងល្អដោយផ្ដួលកីឡាករអូម៉ង់លើវិញ្ញាសាវាយឯកត្តជនដូចគ្នាក្នុងនោះកីឡាករ ឡុង សំនៀង បានយកឈ្នះកីឡាករ Mohammed Al Nabhani ដោយលទ្ធផល ២-១សិត ជាមួយពិន្ទុ ៣-៦, ៦-២ និង ៦-៤ ខណៈកីឡាករ ប៊ុន កេន្នី យកឈ្នះកីឡាករ Abdullah Al Barwani ដោយលទ្ធផល ២-០សិតជាមួយពិន្ទុ ៦-២ និង ៦-១។

ដោយឡែកក្រុមជម្រើសជាតិអារ៉ប៊ីសាអូឌីដែលជាក្រុមលេខ២ ឡើងមកពីពូល A ក៏បានទម្លាក់ក្រុមលេខ១ ពូលB គឺក្រុមសិង្ហបុរី ដើម្បីឡើងទៅលេងក្រុម III នៃព្រឹត្តិការណ៍ Davis Cup ប្រចាំតំបន់អាស៊ី/អូសេអានី ឆ្នាំ២០១៨ ជាមួយក្រុមជម្រើសជាតិកម្ពុជាផងដែរ បន្ទាប់ពីប្រកួតឈ្នះក្រុមសិង្ហបុរីដោយលទ្ធផល ២-១ ក្នុងការប្រកួតវគ្គខ្វែងពូលកាលពីចុងសប្ដាហ៍កន្លងទៅ។ សូមរំឮកថា ក្រុមកីឡាវាយកូនបាល់កម្ពុជាបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Davis Cup លើកទី១ កាលពីឆ្នាំ២០១២ ដោយចូលរួមប្រកួតក្នុងក្រុម IV ហើយបានឡើងទៅក្រុម III ចំនួន ៣ឆ្នាំជាប់គ្នាចាប់ពីឆ្នាំ២០១៣-២០១៥។ ប៉ុន្តែដោយសារកីឡាករមានរបួសច្រើនធ្វើឲ្យការប្រកួតឆ្នាំ២០១៦ ទទួលបានលទ្ធផលមិនល្អក៏ធ្លាក់មកលេងក្រុម IV ជាថ្មីនៅក្នុងឆ្នាំ២០១៧នេះ មុនពួកគេព្យាយាមដណ្ដើមបានកៅអីក្រុម III ត្រឡប់មកវិញនៅឆ្នាំ២០១៨ ខាងមុខ៕

អត្ថបទ លី ឈុនឡា