ការ​ធ្វើដំណើរ​តាម​ផ្លូវ​អាកាស​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ មានការ​កើន​ឡើង

136

ភ្នំពេញ ៖ ការធ្វើដំណើរតាមផ្លូវអាកាសរបស់ប្រជាពលរដ្ឋក្នុងស្រុក កំពុងមានការកើនឡើង ទន្ទឹងនឹងការកើនឡើងនូវក្រុមហ៊ុនអាកាសចរណ៍ ដែលធ្វើឲ្យតម្លៃ កាន់តែមានភាពប្រកួតប្រជែង។

លោក ហូ វណ្ឌី អគ្គលេខាធិការសមាគមសម្ព័ន្ធ ទេសចរណ៍ជាតិកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា ប្រជាពលរដ្ឋធ្វើដំណើរតាមអាកាសចរណ៍កំពុងមានការកើនឡើង ដោយភ្ញៀវធ្វើដំណើរតាមអាកាសចរណ៍ក្នុងស្រុកស្ថិតក្នុងចន្លោះពី៧០ ទៅ៨០ភាគរយជាប្រជាពលរដ្ឋខ្មែរ ដែលពួកគេធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅកាន់ខេត្តសៀមរាប ជាដើម។

លោកបន្តថា តម្លៃសំបុត្រមានចន្លោះពី២០ ដល់ជាង១០០ដុល្លារអាមេរិក អាស្រ័យលើក្រុមហ៊ុននីមួយៗ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៦កំពុង ប្រតិបត្តិការហោះហើរក្នុងស្រុកជាទៀតទាត់ ប៉ុន្តែទោះជាយ៉ាងណាការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ មិនទាន់មានការមមាញឹកខ្លាំងនៅឡើយទេ។

ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុង ធ្វើប្រតិបត្តិការហោះហើរក្នុងស្រុកមាន ដូចជា ក្រុមហ៊ុនអាកាសចរណ៍បាយ័នអ៊ែរ ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ បាសាកាអ៊ែរ ក្រុមហ៊ុនអាកាសចរណ៍JC ក្រុមហ៊ុនអាកាសចរណ៍ Spring ក្រុមហ៊ុន អាកាសចរណ៍ស្កាយវីង។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បានថ្លែងថា ការហោះហើរក្នុងស្រុកពិតជាមានការកើនឡើងច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមានការធ្វើដំណើរច្រើនពីប្រជាពលរដ្ឋក្នុងស្រុក និងការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍ ជាក់ស្តែងក្រុមហ៊ុន អាកាសចរណ៍ JC ដែលជាក្រុមហ៊ុនមានយន្តហោះថ្មី បានបើកជើងហោះហើរយ៉ាងសកម្ម ដោយមួយថ្ងៃមានជើងហោះហើរពីពីរ ទៅ៣លើករវាងភ្នំពេញ សៀមរាប សៀមរាប ភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ។

លោក បន្តថា “ការធ្វើដំណើរតាមអាកាសចរណ៍បច្ចុប្បន្ន មានតំលៃសមរម្យ ដោយសារមានការប្រកួតប្រជែងគ្នា ដែលជាទូទៅមានតម្លៃចន្លោះពី៦០ទៅ៨០ដុល្លារអាមេរិក សម្រាប់សំបុត្រទៅមក”។លោកបន្តថា “ការធ្វើដំណើរតាមផ្លូវអាកាស ក៏ធ្វើឲ្យអ្នកដំណើរមានភាពងាយស្រួល ចំណេញពេលវេលា និងការហោះហើរមានភាពបត់បែនផងដែរ

លោក ស៊ិន ចាន់សេរីវុត្ថា បានបន្តថា បច្ចុប្បន្ននេះ ព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ មានក្រុមហ៊ុន អាកាសចរណ៍ក្នុងស្រុក និងមកពីប្រទេសចិនចុះចតយ៉ាងសកម្ម ដោយកាលពីឆ្នាំ២០១៥ព្រលាននេះ ទទួលបានអ្នកដំណើរ១៥ម៉ឺននាក់ ឆ្នាំ២០១៦មានអ្នកដំណើរឆ្លងកាត់កន្លះលាននាក់ និងរំពឹងកើនឡើងដល់១លាននាក់នៅឆ្នាំនេះ៕