Lewis Hamilton ឈ្នះ Formula One នៅ​ចិន​លើក​ទី៥ ក្នុង​អាជីព​

226

ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្ត Formula One អង់គ្លេស Lewis Hamilton បានប្រជែងឈ្នះការប្រកួតនៅទីលានទីក្រុងសៀងហៃប្រទេសចិនជាលើកទី៥ ក្នុងអាជីពថ្ងៃអាទិត្យម្សិលម៉ិញដែលជាទីលានទីពីររដូវកាលនេះ។

 

កីឡាករអង់គ្លេសរបស់ក្រុម Mercedes រូបនេះបានមកដល់ទីព្រ័ត្រ ៦.២វិនាទីពីមុខកីឡាកររបស់ Ferrari, Sebastian Vettel ខណៈ Max Verstappen ដែលចេញដំណើរនៅលេខ១៦ បានបញ្ចប់លេខ៣ មិនគួអោយជឿ។ នេះជាជ័យជំនះទី៥ របស់ Hamilton នៅទីលានទីក្រុងសៀងហៃប្រទេសចិននេះ និងជាជ័យជំនះទីលានទី៥៤ ក្នុងអាជីព។ Hamilton នៅពេលនេះមានពិន្ទុស្មើគ្នាជាមួយគូប្រជែងកីឡាករអាល្លឺម៉ង់របស់ Ferrari, Sebastian Vettel ដែលឈ្នះការប្រកួតបើករដូវកាលនៅអូស្ត្រាលីខែមុន។ លទ្ធផលផ្សេងទៀតកីឡាករអូស្ត្រាលី Daniel Ricciardo បញ្ចប់លេខ៤ អោយក្រុម Red Bull តាមពីក្រោយអ្នកលេខ ៣ Verstappen តែ ០.៨វិនាទីប៉ុណ្ណោះ។

ជាមួយគ្នានោះដែរ កីឡាកររបស់ Ferrari មួយរូបទៀត Kimi Raikkonen បញ្ចប់លេខ៥ ខណៈកីឡាកររបស់ Mercedes, Valtteri Bottas លេខ៦។ ក្រោយពីរទីលាននេះ Lewis Hamilton មាន ៤៣ ពិន្ទុស្មើគ្នាជាមួយ Sebastian Vettel លេខ៣ Max Verstappen ២៥ពិន្ទុ លេខ៤ Valtteri Bottas ២៣ពិន្ទុ និងលេខ៥ Kimi Raikkonen ២២ពិន្ទុ។ ទីលានបន្ទាប់នឹងបន្តដំណើរទៅទីលានSakhirប្រទេសបារ៉ែន ចុងសប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ