សម្តេច​តេជោ ​ហ៊ុន ​សែន ​​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៦​-២០១៧ ​និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៧​-២០១៨ ​របស់ក្រសួង​កសិកម្ម

146

 

បន្ទាប់ពីដំណើរការអស់រយៈពេលពីរថ្ងៃ សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៦២០១៧ និងទិសដៅការងារឆ្នាំ២០១៧២០១៨ បានប្រារព្ធពិធីបិទ នៅវិមានសន្តិភាព រសៀលថ្ងៃទី១០ មេសានេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសន្និបាត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានកត់សម្គាល់ពីការខិតខំរបស់កសិករទូទាំងប្រទេស។ ក្នុងនេះដែរ សម្តេចបានលើកឡើងថា វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ កសិកម្មកម្ពុជា (CARDI) ដែលទើបតែបានបញ្ចេញពូជស្រូវចំនួនពីរទៀត គឺពូជស្រូវខា១៦ ជាពូជស្រូវស្រាលមិនប្រកាន់រដូវ ហើយធននឹងកំដៅ និងពូជស្រូវស្មាច់សូន្យពីរ ជាពូជស្រូវធ្ងន់,អង្ករក្រហម សម្រាប់កសិករប្រើប្រាស់ក្នុងបរិបទប្រែប្រួលអាកាសធាតុ។

សម្តេចថាខាឌីនឹងត្រូវដើរតួកាន់តែសកម្មក្នុងបរិការណ៍ ដែលពិភពលោក ស្ថិតក្នុងពេលវេលាដែលលំបាកទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ហើយសម្តេចសង្ឃឹមថា ខាឌី នឹងបន្តការខិតខំស្រាវជ្រាវលើពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ព្រមជាមួយនឹងការបង្ហាញរកទីផ្សារផលិតផលកសិកម្មកម្ពុជា សម្តេចក៏បានអំពាវនាវឱ្យកសិករ និងក្រុមហ៊ុននាំចេញផ្សេងៗត្រូវគិតគូអំពីបញ្ហាគុណភាព កសិផលទាំងអស់ និងកំណត់អំពីទីតាំងនៃការដាំដុះឱ្យបានត្រឹមត្រូវ។

ក្នុងឱកាសនៃពិធីបិទសន្និបាតនេះ សម្តេចក៏បានប្រគល់រង្វាន់ដល់កសិករឆ្នើម៧រូប ដោយម្នាក់ៗទទួលបានថវិកា ២លានរៀលជាអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ។

សូមបញ្ជាក់ថា ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសន្និបាត កសិករ ទូទាំងប្រទេសលើកទី៨ ដើម្បីប្រឡងប្រណាំងវាយតម្លៃជ្រើសរើស រកឃើញកសិករឆ្នើមទូទាំងប្រទេស ដែល បានទទួលចំណាត់ថ្នាក់លេខ១ ចំនួន៥នាក់ លើប្រធានបទចំនួន៧។

តាមរយៈការវាយតម្លៃចុងក្រោយ គណៈកម្មការ ជ្រើសរើសបានកសិករ តំណាងសហគមន៍សកិកម្ម និងសហគមន៍ព្រៃឈើ ដែលទទួលបានជ័យលាភីឆ្នើមចំនួន ៣៥នាក់។ កសិករឆ្នើមចំណាត់ថ្នាក់លេខ១ ចំនួន៧រូប បានទទួលប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តគោយន្តម្នាក់១គ្រឿងរួចហើយ។

យោងរបាយការណ៍ ឯកឧត្ដម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា អស់រយៈពេលពីរថ្ងៃនេះ អង្កសន្និបាតបានយកចិត្តទុកដាក់ពិភាក្សាអំពីសភាពការណ៍វិវត្តរីកចម្រើនរបស់វិស័យកសិកម្ម ហើយសម្រាប់ឆ្នាំ២០១៦ ពិតមែនតែអាកាសធាតុក្តៅបានកើតឡើងនៅដើមរដូវនិងជំនន់ទឹកភ្លៀងនៅចុងរដូវ ក៏អាចវាយតម្លៃបានថា អាកាសធាតុបានអំណោយផលច្រើន ដល់ការរីកលូតលាស់ផលដំណាំ ផលត្រីធម្មជាតិ និងធនធានជីវចម្រុះផ្សេងៗ។ របាយការណ៍បង្ហាញថា ផ្ទៃដីដាំដុះស្រូវសម្រេចបានជាង៣,១១លានហិកតា នៅឆ្នាំ២០១៦ កើនប្រមាណ ២,១៩% ធៀបនឹងឆ្នាំ២០១៥។

ជាមួយនឹងសមិទ្ធផលដែលទទួលបានជាវិជ្ជមាន អង្គសន្និបាតបានកត់សម្គាល់ឃើញថា យើងនៅជួបបញ្ហាប្រឈមមួយចំនួនមានជាអាទិ៍ ដូចជាការបន្ស៊ាំ របស់កសិករទៅនឹងការប្រែប្រួលធាតុអាកាស ការផ្សព្វផ្សាយបច្ចេកទេសតាមផ្នែកនីមួយៗ រួមទាំងការផ្តល់ព័ត៌មានទីផ្សារកសិផលឱ្យបានទៅដល់កសិករនៅតាមកម្រិត, ការគ្រប់គ្រង និងការប្រើប្រាស់ដីកសិកម្មឱ្យចំគោលដៅ និងសក្កានុពលភាពនៅតាមភូមិសាស្ត្រនីមួយៗ ស្ថិតនៅតែជា បញ្ហា ដែលក្រសួងកំពុងគិតគូ អំពីការកំណត់ តំបន់ដាំដុះ ឱ្យបានសមស្រប ,ប្រព័ន្ធស្រោចស្រព នៅពុំទាន់ គ្របដណ្តប់លើផ្ទៃដីដាំដុះ ឱ្យបានទូលំទូលាយ ជាពិសេសប្រឡាយទឹកតូចៗ ពុំទាន់បានពង្រីក ដល់ដីស្រែ របស់កសិករ ដែលនៅឆ្ងាយៗ ,តម្លៃកសិផលធ្លាក់ចុះនៅក្នុងបរិបទ នៃទីផ្សារសកល ជាពិសេសក្នុងកាលៈទេសៈ ដែលកសិករ កំពុងប្រមូលផល ស្រូវដើមរដូវវស្សា ក្នុងរដូវវស្សា និងរដូវប្រាំងនេះ រួមទាំងការធ្លាក់ចុះថ្លៃកៅស៊ូផងដែរ។

បទល្មើសព្រៃឈើ ជលផល ការលួចនាំចូលសត្វ និងសម្ភារៈកសិកម្មដែលខុសច្បាប់ នៅតែកើតមាន ពិសេសខេត្តនៅជាប់ព្រំដែន , សកម្មភាព កាប់រាន ហ៊ុំព័ទ្ធដីព្រៃឈើខុសច្បាប់ នៅតែកើតមានពុំចេះចប់រហូតមកទល់បច្ចុប្បន្ននេះ។

ការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការកែទម្រង់រដ្ឋបាលសាធារណៈ និងសេវាសាធារណៈ ពុំទាន់បានល្អប្រសើរ តាមការរំពឹងទុក៕