រដ្ឋាភិបាល​កម្ពុជា​បញ្ជា​ក់​ថា បញ្ហា​បាតុកម្ម ថយ​ចុះ​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ​

171

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែមេសានេះ បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញាទាំងអស់ មានការថយចុះច្រើនរហូតប្រមាណ ៩០% បើធៀបនឹង ឆ្នាំកន្លងទៅ។

ភ្នំពេញ៖ នៅក្រោយចប់កិច្ចពិធីសូត្រមន្តសួស្ដីឆ្នាំថ្មី នៅទីស្តីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់ក្រុមយកព័តមានថា បញ្ហាកូដកម្ម បាតុកម្ម គ្រប់ មុខសញ្ញាដែលនៅសេសសល់ប្រមាណ ១០%នោះ គឺការតវ៉ាលក្ខខណ្ឌការងារ និងការស្នើរសុំអនុវត្តន៍លើសពីច្បាប់ការងារជាដើម។

ឯកឧត្តមបណ្ឌិត លើកឡើងបន្តថា មូលហេតុនៃការថយចុះមកត្រឹមតែ ១០%នេះ ដោយសារភាគីពាក់ព័ន្ធកាន់តែមានភាពចាស់ទុំ កាន់តែមានការយល់ដឹងនៅក្នុងការដោះស្រាយវិវាទផ្សេងៗ តាមរយៈការសម្របសម្រួលការចចារនៅឯមូលដ្ឋានផ្ទាល់ គឺមិនទុកឲ្យមានការរាលដាលក្លាយទៅជាកូដកម្ម បាតុកម្ម ជាពិសេសវិវាទទាក់ទងទៅនឹងលក្ខខណ្ឌការងារ ឬក៏វិវាទដែលទាក់ទងទៅនឹងបញ្ហារើសអើង សហជីព ឬក៏វិវាទទៅនឹងការបង្ខិតបង្ខំផ្សេងៗគឺមានតិចណាស់។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរូបនេះ បានអះអាង ទៀតថា ទាក់ទងនឹងបញ្ហាកូដកម្មនិងបាតុកម្មនេះក្រសួងមិនបានព្រងើយកន្តើយក្នុងការស្វែងរកដំណោះស្រាយឡើយ។ក្រសួងដោះស្រាយមិនបានគឺរុញទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលហើយមានករណីតិចតួចបំផុតដែលត្រូវបញ្ជូនទៅតុលាការ៕