សេត​វិមាន​និយាយ​ថា រដ្ឋបាល​លោក ​ត្រាំ នឹង​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​បន្ថែម​ទៀត​លើ​ប្រទេស​ស៊ី​រី​

361

អាមេរិក៖ សេតវិមានបាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នឹងអនុញ្ញាតឲ្យមានការវាយប្រហារតាមអាកាសបន្ថែមទៀតលើប្រទេសស៊ីរី បើការប្រើអាវុធគីមីនៅតែបន្តកើតមានក្នុងប្រទេសនេះ។

 

មន្ត្រីនាំពាក្យសេតវិមានលោក Sean Spicer បាននិយាយនៅសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា សញ្ញានៃមនុស្សដែលរងការវាយប្រហារដោយឧស្ម័ន និងគ្រាប់បែកបារែលជាភស្តុតាងធានាបានថា បើពួកលោកឃើញសកម្មភាពបែបនេះកើតឡើងម្ដងទៀត ពួកលោកនឹងបើកការវាយប្រហារតាមអាកាសបន្ថែមទៀត។ លោកប្រធានាធិបតី Donald Trump បានបញ្ជាបាញ់មីស៊ីលចំនួន ៥៩គ្រាប់វាយប្រហារលើមូលដ្ឋានទ័ពអាកាសហ្សារ៉ាតរបស់ប្រទេសស៊ីរី កាលពីសប្ដាហ៍មុនជាការឆ្លើយតបទៅនឹងអ្វីដែលទីក្រុង Washington និងសម្ព័ន្ធមិត្តរបស់ខ្លួននិយាយថា ជាការវាយប្រហារដោយអាវុធជាតិពុលពីសំណាក់យោធាស៊ីរី ដែលបានឆក់យកជីវិតជនស៊ីវិលជិត ៨៧នាក់។

សូមរម្លឹកថា នេះជាលើកទីមួយហើយដែលទីក្រុងវ៉ាស៊ីនតោន បានដាក់គោលដៅវាយប្រហារដោយផ្ទាល់លើរដ្ឋាភិបាលរបស់លោកប្រធានាធិបតីស៊ីរី បាសាអាល់ អាសាត ក្នុងសង្គ្រាមស៊ីវិលរយៈពេល ៦ឆ្នាំ និងរុញច្រានឲ្យរដ្ឋបាលលោក ត្រាំ ចង់ឲ្យលោក អាសាត ចុះចេញពីដំណែង៕

អត្ថបទ៖ សុខមាន