អនុវត្ត​ច្បាប់​លើ​ក្រុម​ចោរ​ប្លន់​៦នាក់​ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ជិត​១០០ឆ្នាំ​

284

ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ប្រកាសសាលក្រមផ្តន្ទាទោស ក្រុមចោរប្លន់៦នាក់ដែលតែងតែធ្វើសកម្មភាពប្លន់និងសម្លាប់ជនរងគ្រោះជាច្រើនករណី ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗជិត១០០ឆ្នាំ ។ ប៉ុន្តែក្រុមជនជាប់ចោទ បដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ។


ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហេង កេសរោ ប្រកាសសាលក្រមផ្តន្ទាទោសឈ្មោះ សេត ម៉ាត់រូហ្សេត ហៅសេត ឌៀង អាយុ២២ឆ្នាំ ដាក់ពន្ធនាគារ៧៣ឆ្នាំ ។
ផ្តន្ទាទោស ឈ្មោះ ប៉ែន ចំណាប់ ហៅពីន អាយុ១៨ឆ្នាំ ឈ្មោះ អ៊ឹម សុភ័ក្រ អាយុ២៣ឆ្នាំ និង ឈ្មោះ អេង អារីពីន ដាក់ពន្ធនាគារក្នុងម្នាក់ៗ៦៥ឆ្នាំ។
ផ្តន្ទាទោសឈ្មោះ ពេជ្រ សូណែត ភេទស្រី អាយុ២១ឆ្នាំ និងឈ្មោះ ញ៉ែម កន្និដ្ឋា ហៅអាម៉ី ភេទស្រី អាយុ២១ឆ្នាំ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៥៦ឆ្នាំ។
លោកចៅក្រម បញ្ជាក់ថា ពួកគេទាំងអស់ ត្រូវបានចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា និងដោយសារមរណភាពនៃជនរងគ្រោះ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចម្តុំស្ពានអាកាសស្ទឹងមានជ័យ,ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចក្រោយវិទ្យាស្ថានជាតិអប់រំ ខណ្ឌដូនពេញ ដោយបានបាញ់សម្លាប់ជនរងគ្រោះប្លន់យកម៉ូតូម៉ាកMSX ។
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយបានបាញ់សម្លាប់ជនរងគ្រោះប្លន់យកម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ តាមមាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៦០ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។
ទោះបីយ៉ាងណា នាពេលសវនាការកន្លងទៅ ក្រុមជនជាប់ចោទបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ដោយឆ្លើយដាក់ទៅលើឈ្មោះ ម៉ី និងឈ្មោះ លីម ដែលត្រូវកម្លាំងកងរាជអាវុធហត្ថបាញ់ស្លាប់នៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ៕

dsdas4 dsdas2 dsdas3 dsdas5 dsdas6