តម្រូវការ​អាគារ​ការិយាល័យ​មាន​កំណើន​តិចតួច​នៅ​ដំណាច់​ត្រីមាស​ទី​១​ឆ្នាំនេះ

115

ភ្នំពេញ ៖ ការសិក្សាថ្មីមួយបានរកឃើញថា តម្រូវការអាគារការិយាល័យនៅដំណាច់ត្រីមាសទី១ឆ្នាំនេះ មានកំណើនតិចតួចធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការកើនឡើងនូវការប្រកួតប្រជែង និងការរង់ចាំមើលស្ថានភាពសេដ្ឋកិច្ចរបស់ក្រុមហ៊ុននានា។

យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ដែលទើបបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថា តម្រូវការអាគារការិយាល័យនៅក្នុងរយៈពេលបីខែដើមឆ្នាំនេះ កើនឡើង២ភាគរយប៉ុណ្ណោះ ហើយអត្រាប្រើប្រាស់អាគារការិយាល័យសរុប បានកើនពី១៨ទៅ២០ភាគរយ។ តំលៃជួលស្ថិតក្នុងសភាពទ្រឹង ដោយអាគារការិយាល័យកម្រិតA មានតំលៃចាប់ពី១៨ ដល់២៨ដុល្លារ អាគារកម្រិតB មានតំលៃជួលចន្លោះពី១២ដល់១៥ដុល្លារ និងអាគារការិយាល័យកម្រិតC មានតំលៃចាប់ពី៨ដល់១០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ការសិក្សាដដែលបានរកឃើញថា គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំនេះ នៅទីក្រុងភ្នំពេញមានអាគារការិយាល័យសរុបចំនួន ៥៨អាគារ ដែលបាន និងកំពុងដាក់ដំណើរការ កំពុងសាងសង់ និងគម្រោងខ្លះកំពុងពន្យា ពេលសាងសង់។ នៅឆ្នាំនេះ មានតែអាគារការិយាល័យពីរប៉ុណ្ណោះ បានដាក់ឲ្យដំណើរការគឺអាគារVTRUST TOWER និងRoyal One

លោក ប៉ែន សុខគា នាយកគ្រប់គ្រងផ្នែកវាយតំលៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានថ្លែងថា “ក្នុងស្ថានភាពបែបនេះ វាជាសញ្ញាគួរឲ្យព្រួយបារម្ភផងដែរ ។ ដោយសារតម្រូវការនៅមានកម្រិត ដែលធ្វើឲ្យគំរោងចន្លោះពី២០ទៅ៣០ភាគរយបាន ព ន្យាពេលសាងសង់”។លោក បន្តថា “អ្នកវិនិយោគលើអាគារការិយាល័យ ពួកគេកំពុងរង់ចាំមើលស្ថានភាព នៃការធ្វើសមាហរណកម្មអាស៊ានថា មានភាពរស់រវើក កម្រិតណាមុនចាប់ផ្តើមសាងសង់ និងវិនិយោគបន្ថែម”។

លោក ហុន ម៉េងហៀង នាយកផ្នែកគ្រប់គ្រងអចលនទ្រព្យនៃក្រុមហ៊ុនVTRUST Property ដែលបាននិងកំពុងគ្រប់គ្រងអាគារការិយាល័យ VTRUST TOWER កំពស់១៣ជាន់បានថ្លែងថា ក្នុងកំឡុងត្រីមាសទី១ ដើមឆ្នាំនេះ តម្រូវការអាគារការិយាល័យ ពិតជាមិនសូវមានការប្រែប្រួលច្រើននោះទេ ប៉ុន្តែលោករំពឹងថា នៅត្រីមាសទី២ឆ្នាំនេះ អត្រាជួលនឹងកើនឡើង ដោយសារពេលនេះក្រុមហ៊ុនកំពុងចរចាជាមួយនឹងក្រុមហ៊ុនមួយចំនួន ដែលចង់ជួលអាគារនេះចំនួន១ជាន់តែម្តង។

លោកបន្តថា បច្ចុប្បន្នការប្រើប្រាស់អាគារVTRUST TOWERគ្របដណ្ដប់ចន្លោះពី៦៥ទៅ៧០ភាគរយ ខណៈតំលៃជួលបានកើនឡើងចន្លោះពី១៦កាលពីឆ្នាំមុន ដល់១៨ដុល្លារក្នុងមួយម៉ែត្រការ៉េ បូកតម្លៃគ្រប់គ្រង៤ដុល្លារក្នុងមួយម៉ែត្រការ៉េបន្ថែមទៀត៕