តំបន់​ភូមិភាគ​ឦ​សាន្ត​ត្រៀមខ្លួន​ទទួល​ភ្ញៀវ​ទេសចរណ៍​ច្រើនជាង​ឆ្នាំមុន

206

ភ្នំពេញ ៖ តំបន់ភូមិភាគឦសាន្តកំពុងត្រៀមខ្លួន សម្រាប់ទទួលភ្ញៀវទេសចរណ៍ច្រើនជាងឆ្នាំមុន ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរនៅចុងសប្តាហ៍នេះ។

លោក រុន ភារា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ មេសានេះថា មន្ទីរកំពុងរៀបចំ និងផ្សព្វផ្សាយពីការពង្រឹងគុណភាព និងសេវាកម្មទេសចរណ៍តាមរមណីយដ្ឋាននានា ដែលមានទាំង១៧កន្លែងនៅក្នុងខេត្ត ដោយមានមន្ត្រីមន្ទីរទេសចរណ៍ប្រមាណ៣០រូប និងចូលរួមត្រួតពិនិត្យពីសុវត្ថិភាពភ្ញៀវ អនាម័យ និងសេវាកម្មលក់ម្ហូបអាហារនានា កុំឲ្យមានការដំឡើងថ្លៃតាមការណែនាំរបស់ក្រសួងទេសចរណ៍។

លោក បន្តថា ដើម្បីបង្កភាពសប្បាយរីករាយ មន្ទីរទេសចរណ៍សហការជាមួយ សហភាពសហព័ន្ធយុវជនខេត្ត នឹងរៀបចំសកម្មភាពលេងល្បែងប្រជាប្រិយនៅតាមរមណីយដ្ឋានគោលដៅនានា ដើម្បីបង្កភាពសប្បាយរីករាយ ក៏ដូចជាចូលរួមលើកស្ទួយវប្បធម៌ ជាតិ។ ខេត្តក្រចេះ កាលពីឆ្នាំមុន ទទួលបានភ្ញៀវទេសចរណ៍១០ម៉ឺននាក់ ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កើនឡើង៥ភាគរយធៀប នឹងឆ្នាំ២០១៥ ហើយឆ្នាំនេះ លោករំពឹងថា នឹងទទួលបានភ្ញៀវទេសចរណ៍កើនឡើងបន្ថែមទៀត។ ខេត្តក្រចេះ មានសណ្ឋាគារ និងផ្ទះសំណាក់សរុបជាង១០០០បន្ទប់ មានរមណីយដ្ឋានទេសចរណ៍១៧កន្លែង ក្នុងនោះសហគមន៍ទេសចរណ៍ធម្មជាតិ ចំនួន១០កន្លែង។

ងាកទៅកាន់ខេត្តរតនគិរីឯណោះវិញ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងផងដែរថា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ក្នុងឆ្នាំថ្មីនេះ ខេត្តរតនគិរីនឹងរៀបចំសង្ក្រាន្ត នៅក្នុងខេត្ត ដោយមានការសហការចូលរួមពីរដ្ឋបាលសាលាខេត្ត មន្ទីរទេសចរណ៍ និងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដើម្បីបង្កភាពសប្បាយរីករាយនៅក្នុងខេត្ត។ ក្នុងការរៀបចំសង្ក្រាន្តនេះដែរ ខេត្តនឹងរៀបចំឲ្យមានការរត់ម៉ារ៉ាតុង ចម្ងាយ៥គីឡូម៉ែត្រ ការជិះកង់ប្រណាំងយឺតៗ និងការរៀបចំល្បែងប្រជាប្រិយកំសាន្តពេញរយៈពេលបីថ្ងៃ។

លោក បន្តថា រហូតមកទល់ពេលនេះ ការកក់បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់បានចាប់ផ្តើមបណ្តើរៗហើយ ប៉ុន្តែលោកមិនទាន់មានតួលេខជាក់លាក់ពីចំនួនបន្ទប់ដែលបានកក់នោះទេ ព្រោះលោកនឹងចុះស្រង់ស្ថិតិនៅថ្ងៃស្អែកនេះ។ ខេត្តរតនគិរីមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងវប្បធម៌ជាច្រើន ដែលអាចឲ្យភ្ញៀវទៅទស្សនាកំសាន្ត ដូចជា ទឹកជ្រោះចាអ៊ុង បឹងយក្សលោម ទឹកធ្លាក់៧ជាន់អូសៀនលែរ ជាដើម។

លោក ង៉ែត ពិទូ មិនទាន់ហ៊ានសន្និដ្ឋានថា ចំនួនភ្ញៀវទេសចរណ៍ទៅទស្សនាខេត្តរតនគិរីកើនឡើងឫ ថយចុះនោះទេ ប៉ុន្តែលោករំពឹងថាខេត្តនឹងទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងមុន ដោយសារហេដ្ឋា រចនាសម្ព័ន្ធ ភ្ជាប់មកកាន់ខេត្តកាន់តែមានភាពងាយស្រួល។

ទៅមើលខេត្តមណ្ឌលគិរីឯណោះវិញ លោក គង់ វិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានថ្លែងថា ឆ្នាំនេះ សាលាខេត្តបានណែនាំឲ្យមន្ទីរជុំវិញខេត្តរៀបចំតុបតែងលំអរ និងបានតុបតែងភ្លើងនៅក្នុងខេត្តបានយ៉ាងល្អ ពិសេសខេត្តនឹងរៀបចំឲ្យមានការប្រគុំតន្ត្រី ការលេងល្បែងកំសាន្ត និងផ្តល់ជាបបរ ភេសជ្ជៈជូនអ្នកចូលរួមរាំលេងកំសាន្ត និងចូលរួមលេងល្បែងប្រជាប្រិយក្នុងខេត្តផងដែរ។

លោក បន្តថា ចំពោះសណ្ឋាគារ និងផ្ទះសំណាក់ទទួលបានការកក់ពេញជាបណ្តើរៗហើយ ដោយម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារខ្លះមិនទទួលយកការកក់នោះទេ ពួកគេរង់ចាំលក់ពេលភ្ញៀវមកដល់តែម្តង។ ខេត្តមានសេវាស្នាក់នៅសរុបចំនួនជាង១០០០បន្ទប់ សំរាប់ទទួលភ្ញៀវ និងមានរមណីយដ្ឋានជាច្រើនសម្រាប់ទៅទស្សនាកំសាន្ត៕

btvnews(11-04-2016(4))