អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បញ្ជា​ឲ្យ​នគរបាល​ចរាចរណ៍​តាម​ខេត្ត​ពង្រឹង​ការ​ត្រួត​ពិនិត្យ​អ្នក​បើកបរ​ថ្ងៃបុណ្យ​ចូលឆ្នាំ

90

ភ្នំពេញ ៖ នគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី១១ ខែមេសា បានបញ្ជាឲ្យនគរបាលចរាចរណ៍ប្រចាំការនៅតាមគោលដៅទាំងអស់ នៅតាមបណ្តារាជធានីខេត្ត គឺត្រូវបង្កើនការត្រួតពិនិត្យល្បឿនការបើកបរគ្រប់យានយន្តទាំងអស់ ដែលធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសមុន និងក្រោយថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ក្នុងឱកាសត្រួតពិនិត្យបណ្តាប្រធានគោលដៅរបស់កងកំលាំងនគរបាលចរាចរណ៍ ប្រចាំការក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានថ្លែងថា គ្រប់ការដាក់គោលដៅ ត្រួតពិនិត្យល្បឿន និងត្រួតពិនិត្យស្ថានភាពរថយន្តដឹកជញ្ជូនអ្នកដំណើរឲ្យមានសណ្តាប់ធ្នាប់ល្អ និងធានាបានរក្សាសុខសន្តិភាព ហើយថា ក្នុងករណីអ្នកបើកបរមិនស្តាប់តាមការណែនាំកងកំលាំងនគរបាល គឺត្រូវ ផាក ពិន័យ ហើយករណីអ្នកទាំងនោះ តវ៉ា គឺត្រូវដាក់ហូតរថយន្តរក្សាទុកបីថ្ងៃទៅតាមច្បាប់ចរាចរណ៍មាត្រាទី៦៦។

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ថ្លែងថា ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រើប្រាស់កំលាំងនគរបាលចរាចរណ៍សរុប ប្រមាណជិត៥០០០នាក់នៅតាមបណ្តាខេត្តរាជធានីខេត្តសម្រាប់សម្រួលចរាចរណ៍សណ្តាប់ធ្នាប់សាធារណ៍នៅតាមដងផ្លូវជាតិនានា ដោយឡែកសម្រាប់តែខេត្តសៀមរាប មួយ អគ្គស្នងការប្រើប្រាស់កំលាំងសហការប្រមាណជិត១ម៉ឺននាក់ផ្សេងទៀត សម្រាប់សម្រួលចរាចរណ៍ និងត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍នៅក្នុងបុណ្យអង្គរសង្ក្រាន្ត។

នៅក្នុងឱកាសដាក់កំលាំងល្បាតការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នោះ អគ្គស្នងការនគរបាលជាតិ បានធ្វើណែនាំរួចហើយ ឲ្យកងកំលាំងនគរបាលទាំងអស់ត្រូវ គឺត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផងដែរ និងត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ពោលគឺគ្រប់កងកំលាំងត្រូវបងត្រួតពិនិត្យយាននៅតាមដើមទី និងចុងទី ដោយយ៉ាងណាធានាឲ្យបានគ្រប់យានយន្តមិនមានផ្ទុកសំពីងសំពោង គ្មានការធ្វើដំណើរអង្គុយលើដំបូលរថយន្ត និងតោងពីក្រោយជាដើម៕

btvnews(02-03-2016(2)) btvnews(11-04-2016(5))