ស្នងការ​នគរបាល​ខេត្តកំពង់ធំ ​ស្នើ​ឲ្យ​កម្លាំង​នគរបាល​ដកខ្លួន​ចេញ​​ ​ កុំ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​

93

កំពង់ធំ ៖ ស្នងការនគរបាលខេត្តកំពង់ធំ បានស្នើសុំឲ្យកងកម្លាំងនគរបាលខេត្តទាំងអស់ ប្រញាប់ដកខ្លួនចេញឲ្យឆ្ងាយពីបទល្មើស ដោយមិនត្រូវយកខ្លួនទៅកាងបទល្មើសផ្សេងៗជាដាច់ខាត ប្រសិនបើមាន គឺត្រូវតែចាត់ការតាមច្បាប់ ដោយមិនមានការអប់រំណែនាំដូចមុនតទៅទៀតនោះឡើយ។

លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប៉ុស្តិ៍រដ្ឋបាលត្រពាំងឫស្សី ក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ កាលពីថ្ងៃទី១០ ខែមេសា នេះ បានស្នើសុំប្រជាពលរដ្ឋឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាល នៅពេលដែលកើតមានបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានល្អប្រសើរ ជាពិសេស នៅពេលដែលមានបទល្មើសកើតឡើង គឺត្រូវតែរួមសហការ គ្នាចុះធ្វើការតាមដាន ស្រាវជ្រាវរកមុខសញ្ញាយកមកផ្តន្ទាទោសចំពោះមុខច្បាប់ឲ្យខានតែបាន។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ប៉ុស្តិ៍នគរបាលរដ្ឋបាល មានសារសំខាន់ណាស់ គឺជាកន្លែងប្រមូលព័ត៌ មាន និងជាកន្លែងផ្តល់ព័ត៌មានផងដែរ។ ប៉ុស្តិ៍នគរបាល ជាកន្លែងផ្តល់អត្តសញ្ញាណប័ណ្ណ ប៉ុស្តិ៍នគរបាល ជាឆ្អឹងខ្នងរបស់ប្រជាការពារ ក្នុងការសហការណ៍គ្នាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ទៀតថា នៅក្នុងពេលដ៏ខ្លីខាងមុខនេះ នគរបានមានភារកិច្ចការពារសេចក្តីសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយឆ្នាំ២០១៧នេះ ខេត្តកំពង់ធំ មានរៀបចំសង្ក្រាន្តថ្មីសំបូរព្រៃគុក ដោយឡែកនៅក្នុងក្រុងស្ទឹងសែន ក៏មានកម្មវិធីសម្តែងសិល្បៈ ប្រគំតន្ត្រី និងបាញ់កាំជ្រួចខ្នាតធំផងដែរ ទាំងអស់នេះ គឺជាបន្ទុកការពាររបស់កងកម្លាំង៕

kthum kthum2