ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍ Davis Cup ធ្វើ​ឲ្យ​កម្ពុជា​សង្ឃឹម​ឈ្នះ​មេដាយ​ស៊ី​ហ្គេម​កាន់តែ​ខ្ពស់​

120

តេន្នីស៖ បន្ទាប់ពីបញ្ចប់បេសកកម្មចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Davis Cup ប្រចាំតំបន់អាស៊ី/អូសេអានី ជាមួយនឹងភាពជោគជ័យដោយដណ្ដើមបានកៅអីក្រុម III នៅលើទឹកដីប្រទេសបារ៉ែនហើយនោះ ជោគជ័យនេះបានជំរុញទឹកចិត្តក្រុមកីឡាវាយកូនបាល់កម្ពុជាកាន់តែមានសង្ឃឹមខ្ពស់ ក្នុងដំណើរឆ្ពោះទៅដណ្ដើមមេដាយជាតិ នៅក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនាខែសីហាខាងមុខ។

W7លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានថ្លែងអ្នកសារព័ត៌មាន ក្រោយដឹកនាំក្រុមកីឡាវាយកូនបាល់កម្ពុជា ត្រឡប់មកពីប្រទេសបារ៉ែននាដើមសប្ដាហ៍នេះថា ជោគជ័យខាងលើកើតចេញពីការត្រៀមខ្លួនយ៉ាងល្អរបស់កីឡាករកម្ពុជាម្នាក់ៗ ហើយក៏ជាសញ្ញាណមួយដ៏ល្អ សម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣១ ខែសីហាខាងមុខ។ មិនតែប៉ុណ្ណោះលោកហ៊ានអះអាងថា កម្ពុជាអាចឈ្នះមេដាយ ១ ឬ ២គ្រឿងពីការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះថែមទៀតផង ដោយសារក្រៅពីវត្តមានកីឡាករឆ្នើមៗ ដែលទើបជួយកម្ពុជាឡើងពីក្រុម IV ទៅលេងក្រុម III ក្នុងព្រឹត្តិការណ៍ Davis Cup ជាថ្មីគឺកម្ពុជានៅមានកីឡាការិនីឆ្នើមៗ ២រូបទៀត ដែលមានបទពិសោធន៍ធ្លាប់ចូលរួមប្រកួតកីឡាស៊ីហ្គេម និងជាក្ដីរំពឹងឈ្នះមេដាយផងដែរ។

គួរបញ្ជាក់ថា នៅក្នុងការបង្ហាញវត្តមានជាច្រើនលើក ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ានខាងលើ ក្រុមកីឡាវាយកូនបាល់កម្ពុជាបានបំបែកកំណត់ត្រា ដណ្ដើមបានមេដាយលើកដំបូងក្នុងការប្រកួតកីឡាស៊ីហ្គេមកាលពីឆ្នាំ២០១៥ នៅប្រទេសិង្ហបុរី ដោយកីឡាករ ប៊ុន កេន្នី ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងលើវិញ្ញាសាវាយឯកត្តជន។ ប៉ុន្តែការចូលរួមឆ្នាំនេះវិញថ្នាក់ដឹកនាំសហព័ន្ធហាក់មានសង្ឃឹមខ្ពស់ជាងឆ្នាំមុន ដោយផ្អែកលើភាពជោគជ័យពីការប្រកួតជម្រុះក្រុម IV នៃព្រឹត្តិការណ៍ Davis Cup ឆ្នាំ២០១៧ កាលពីសប្ដាហ៍មុន៕

អត្ថបទ លី ឈុនឡា