ក្រសួង​សេដ្ឋកិច្ច​ គ្រោង​ដាក់​ឲ្យ​អនុវត្ត​ថវិកា​កម្មវិធី​នៅ​គ្រប់​ខេត្ត​ត្រឹម​ដំណាច់​ឆ្នាំ​២០២០

103

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ខេត្តចំនួន១៩ ដែលមិនទាន់បានអនុវត្តថវិកាកម្មវិធីនឹងត្រូវដាក់ឲ្យអនុវត្តឲ្យអស់នៅឆ្នាំ២០២០ ខាងមុខនេះ និងនៅតាមក្រសួងស្ថាប័នថ្នាក់ជាតិ នឹងដាក់ឲ្យអនុវត្តន៍ត្រឹមដំណាច់ឆ្នាំ២០១៨។

ឯកឧត្តមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលបានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ ដែលមានការចូលរួមពីឯកឧត្តម ច្សច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូត និងប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ រួមនឹងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមក្រសួងស្ថាប័ននានាថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣នេះ គឺផ្តោតលើការអនុវត្តថវិកាកម្មវិធី ដែលជាការផ្សារភ្ជាប់ថវិកាទៅ នឹងគោលនយោបាយ។ ហើយប្រព័ន្ធថវិកាកម្មវិធីនេះ នឹងត្រូវដាក់ឲ្យអនុវត្តទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

សម្រាប់ថ្នាក់ជាតិ មានក្រសួងស្ថាប័នចំនួន១០ ត្រូវបានដាក់ឲ្យអនុវត្តថវិកាកម្មវិធីនៅឆ្នាំ២០១៥ នៅឆ្នាំ២០១៦ មាន១៥ក្រសួងស្ថាប័នហើយសម្រាប់ដើមឆ្នាំ២០១៧នេះមានក្រសួង ស្ថាប័នចំនួន១១ហើយនៅសល់ ក្រសួងស្ថាប័នទៀតនោះនឹងបញ្ចប់ក្នុងឆ្នាំ ២០១៨ ។ រីឯថ្នាក់ក្រោមជាតិ មានរដ្ឋបាលខេត្តចំនួន៦ ត្រូវបានដាក់ឲ្យអនុវត្តថវិកាកម្មវិធីនៅឆ្នាំ២០១៦ និងរដ្ឋបាលខេត្តដ៏ទៃទៀត ត្រូវបានពិនិត្យ និងសម្រេចដាក់ឲ្យអនុវត្តថវិកាកម្មវិធីបន្តទៀតតាមគោលដៅ នឹងបញ្ចប់នៅឆ្នាំ២០២០ខាងមុខនេះ ។

ឯកឧត្តមទេសរដ្ឋមន្ត្រីអូន ព័ន្ឋមុនីរ័ត្ន បានបន្តទៀតថា ដើម្បីធ្វើឲ្យមានតម្លាភាពថវិកា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការផ្សព្វផ្សាយឯកសារថវិកាជាច្រើនរួមមាន សារាចររៀបចំផែនការយុទ្ធសាស្ត្រថវិកា និងថវិកាប្រចាំឆ្នាំ តារាងប្រតិបត្តិការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាប្រចាំខែ របាយការណ៍ត្រួតពិនិត្យថវិកាពាក់កណ្តាលឆ្នាំ ថវិកាសង្ខេបសម្រាប់សាធារណជន ច្បាប់ទូទាត់ការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំ របាយការណ៍សវនកម្មលើច្បាប់ទូទាត់ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំ និងរបាយការណ៍សវនកម្មលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

នៅក្នុងកិច្ចប្រជុំនេះដែរឯកឧត្តម ច្សច អេដហ្គា ឯកអគ្គរដ្ឋទូត និងប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏ដូចតំណាងដៃគូអភិវឌ្ឍន៍បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកបានសហការយ៉ាងជិត ស្និតជាមួយដៃគូអភិវឌ្ឍន៍ លើការងារអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ និងបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលពង្រឹងការងារតម្លាភាពថវិកាបានល្អ ជាពិសេសគឺ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានជំរុញឲ្យការប្រមូលចំណូលក្នុងស្រុកកើនឡើងជាលំដាប់ ។

ចំណែកលោកស្រី Inguna Dobraja តំណាងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានថ្លែងថា ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទី២ ដែលបានរៀបចំ និងដាក់ឲ្យប្រើប្រាស់នេះស្របពេលនឹងការពង្រឹង និងពង្រីកការអនុវត្តថវិកាកម្មវិធី ហើយប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ នឹងជួយសម្របសម្រួលតាំងពីដំណើរការធានាចំណាយ រហូតដល់ដំណើរការទូទាត់ឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ៕

bb bb2