ធនាគារ​ពិភព​លោក ៖ ​សេដ្ឋកិច្ច​កម្ពុជា ​នឹង​សម្រេច​នូវ​កំណើន​៦.៩​ ភាគរយ​នៅ​ឆ្នាំនេះ​ និង​ឆ្នាំ​២០១៨

101

ភ្នំពេញ ៖ ធនាគារពិភពលោកបានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើន ៦.៩ ភាគរយសម្រាប់ឆ្នាំនេះ និងឆ្នាំ២០១៨ ខាងមុខនេះ ជាកំណើនដែលធនាគារនេះ បានព្យាករណ៍ដូចគ្នា កាលពីឆ្នាំមុន។

យោងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកស្តីពី កំណើនសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលបានចេញផ្សាយ នៅថ្ងៃទី១៣ មេសានេះ បានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជាកំណើនសេដ្ឋកិច្ច បានបន្តក្នុងភាពរឹងមាំ ដែលមានកំណើនក្នុងអត្រា៦.៩ ភាគរយនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដោយសារតែមានការចំណាយសាធារណៈខ្ពស់ និងការពង្រីកវិស័យកសិកម្ម ទេសចរណ៍ ដែលអាចជំនួស នៃការធ្លាក់ចុះវិស័យសំណង់ និងការនាំចេញសំលៀកបំពាក់។

លោកស្រី អ៊ីហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងឲ្យដឹងថា វាគួរឲ្យសាទរដែលឃើញថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅតែបន្តរឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។ វាពិតជាសំខាន់ណាស់ក្នុងការជំរុញការវិនិយោគលើផលិតភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច និងគាំទ្រដល់ប្រជាជនក្រីក្រ ហើយធ្វើយ៉ាងណាផលប្រយោជន៍នៃកំណើននាពេលខាងមុខ បានដល់ប្រជាជនកម្ពុជាទាំងមូល។

ការព្យាករណ៍របស់ធនាគារពិភពលោក ស្តីពីកំណើនសេដ្ឋកិច្ចកម្ពុជាមានភាពលំអៀងគ្នាបន្តិចពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលពេលថ្មីៗនេះ បានព្យាករណ៍ថា សេដ្ឋកិច្ច កម្ពុជា នឹងសម្រេច បានកំណើន៧.១ ភាគរយសម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨ខាងមុខ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក បានឲ្យដឹងទៀតថា ប្រទេសដែលមានសេដ្ឋកិច្ចតូចតាចក្នុងតំបន់នេះ នឹងទទួលបានអត្ថប្រយោជន៍ជារួមពីឥទ្ធិពល ដែលនៅតែបន្តរឹងមាំរបស់បណ្តាប្រទេស មានសេដ្ឋកិច្ចធំៗ ជិតខាងខ្លួន។

លោកស្រី វិចតូរៀ ក្វាក្វា អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា គោលនយោបាយដែលល្អៗ និងការកើនឡើងបន្តិចនៃសេដ្ឋកិច្ចពិភពលោក បានជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ទទួលបានកំណើនប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្រ។ដើម្បីឲ្យកំណើននេះ មានភាពរឹងមាំយូរអង្វែង ប្រទេសនានា នឹងចាំបាច់ត្រូវកាត់បន្ថយភាពងាយរងគ្រោះ នៃសារពើពន្ធ ស្របពេលដែលកំពុងតែកែលំអរគុណភាពនៃការចំណាយសាធារណៈ និងជំរុញឲ្យមានសមាហរណកម្មលើពិភពលោក និងក្នុងតំបន់៕