ផ្ទះសំណាក់ និង​សណ្ឋាគារ​នៅ​តាម​បណ្តា​ខេត្ត​ទេសចរណ៍​សំខាន់​មិនទាន់​ពេញ​នៅឡើយ​ទេ

71

ភ្នំពេញ ៖ រហូតមកទល់ពេលនេះ ចំនួនបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារនៅតាមបណ្តាខេត្តទេសចរណ៍ សំខាន់ៗ មិនទាន់ទទួលបានការកក់ពេញពីភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិពេញនៅឡើយទេ។

លោក តាំង សុចិត្រ គ្រឹះស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៣ មេសានេះថា ផ្ទះសំណាក់ និងសណ្ឋាគារនានានៅក្នុងខេត្តមិនទាន់ទទួលបានការកក់ពេញនៅឡើយទេ ប៉ុន្តែមួយចំនួនបានទទួលការកក់ពេញហើយ ប៉ុន្តែផ្ទះសំណាក់នៅជិតឆ្នេរបានពេញបណ្តើរៗហើយ។ តម្លៃសេវាកម្មទាំងនោះក៏មិនបានដំឡើងថ្លៃហួសហេតុនោះដែរ។ ពួកគេអាចដំឡើងថ្លៃចន្លោះពី២០ទៅ៣០ភាគរយប៉ុណ្ណោះ ព្រោះចំនួនមនុស្សស្នាក់នៅមានចំនួនច្រើនជាងថ្ងៃធម្មតា ហើយអ្នកបំរើនសេវាកម្មមួយចំនួនបានត្រលប់ទៅស្រុកកំណើត។

លោក បន្តថា វិធានការណ៍ទប់ស្កាត់ការដំឡើងថ្លៃសេវាកម្មស្នាក់នៅ ម្ហូបអាហារ និងកន្លែងអង្គុយលេងឆ្នាំនេះ មានភាពតឹងរ៉ឹងជាងឆ្នាំមុន ព្រោះក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលាខេត្ត និងមន្ទីរទេសចរណ៍បានចេញលិខិត ណែនាំមិនឲ្យដំឡើងថ្លៃសេវាកម្មហួសហេតុនោះទេ ពិសេសសារាចរណ៍ណែនាំរបស់ក្រសួងបានតម្រូវឲ្យអ្នកបំរើសេវាកម្មទាំងនោះ ដាក់តម្លៃឲ្យបានត្រឹមត្រូវ និងយកប្រាក់ពីភ្ញៀវតាមបញ្ជីដែលខ្លួនបានដាក់ បើពុំដូច្នេះទេ ពួកគេនឹងរកការផាកពិន័យ។

ខេត្តព្រះសីហនុមានផ្ទះសំណាក់ចំនួន៣០៥កន្លែង សណ្ឋាគារសរុបចំនួន៧៨ និងមានបន្ទប់សរុបចំនួនជាង១ម៉ឺនបន្ទប់។ ចំណែកខេត្តកំពតវិញ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានថ្លែងថា នៅថ្ងៃនេះ បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់មិនទាន់ពេញនៅឡើយទេ ដោយសារប្រជាពលរដ្ឋកំពុងធ្វើដំណើរទៅស្រុកកំណើត ប៉ុន្តែចាប់ពីថ្ងៃទី១៤ ដល់១៦ មេសាខាងមុខ សេវាកម្មផ្ទះសំណាក់ និងសណ្ឋាគារទាំងនោះបានទទួលការកក់ពេញអស់ហើយ។លោកបន្តថា ខេត្តកំពតមានផ្ទះសំណាក់ សណ្ឋាគារ និងបឹងហ្កាឡូសរុបចំនួនជាង១០០០បន្ទប់ និងរមណីយដ្ឋានចំនួន១៧កន្លែងសំរាប់បំរើសេវាកំសាន្តសប្បាយដល់ប្រជាពលរដ្ឋ។

រមណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្តកំពត រួមមាន ភ្នំបូកគោ ការជិះទូកតាមដងព្រែកកំពត ចំការម្រេច ស្រែអំបិល កីឡាលើទឹក និងការឡើងភ្នំសេដាឱនកំពុងមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ងាកទៅកាន់ភូមិភាគឦសាន្តនោះវិញ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានថ្លែងថា រហូតមកទល់ពេលនេះ បន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារចំនួនជាង៤០ភាគរយប៉ុណ្ណោះ ត្រូវបានកក់ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ប៉ុន្តែស្ថានភាពជាក់ស្តែងនៃការមកដល់របស់ភ្ញៀវ លោកមិនទាន់អាចកំណត់បានទេ ព្រោះកាលពីឆ្នាំមុន ភ្ញៀវបានកក់ពេញបន្ទប់សេវាកម្មស្នាក់នៅទាំងអស់ ប៉ុន្តែភ្ញៀវមួយចំនួនមិនបានមកស្នាក់នៅនោះទេ។លោក បន្តថា ខេត្តមានផ្ទះសំណាក់ចំនួន៣៦ និងសណ្ឋាគារចំនួន១៤ និងមានបន្ទប់សរុបចំនួនជាង១០០០បន្ទប់។

លោក បន្តថា លោករំពឹងថា ចំនួនភ្ញៀវនឹងកើនឡើង ដោយសារខេត្តបានរៀបចំកម្មវិធីសង្ក្រាន្តរបស់ខ្លួន ដើម្បីបង្កការកំសាន្តសប្បាយ ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាខេត្តនេះ។ កាលពីឆ្នាំមុន ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរណ៍ជាតិ៦ម៉ឺននាក់ និងរំពឹងកើនឡើងបន្ថែមទៀតនាឆ្នាំនេះ។

ត្រលប់ទៅមើលទឹកដីអង្គរវិញ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានថ្លែងថា រហូតមកទល់ពេលនេះ បន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារត្រូវបានកក់ពេញពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងកំឡុងថ្ងៃទី១៤ និង១៥មេសា ប៉ុន្តែនៅថ្ងៃទី១៣ និងទី១៦មេសាចំនួនបន្ទប់មិនទាន់ពេញនៅឡើយទ។ ខេត្តសៀមរាប មានផ្ទះសំណាក់ជាង៦០០០បន្ទប់ និងសណ្ឋាគារ ចំនួនជាង១២,០០០បន្ទប់ សម្រាប់ទទួលភ្ញៀវជាតិ អន្តរជាតិ។

លោក ង៉ូវ សេងកាត់ បានបន្តថា ចំនួនភ្ញៀវចាប់ផ្តើមកកស្ទះបណ្តើរៗហើយនៅតាមផ្លូវទៅកាន់រមណីយដ្ឋានអង្គរ ប៉ុន្តែការព្យាករណ៍ច្រើនជាងឆ្នាំមុនឬតិចជាងលោកមិនទាន់សន្និដ្ឋាននៅឡើយទេ ព្រោះនៅរង់ចាំមើលភ្ញៀវនៅតាមគោលដៅផ្សេងៗជាមុនសិន។ កាលពីឆ្នាំមុន ខេត្តសៀមរាបទទួលបានភ្ញៀវ១.៣លាននាក់ក្នុងកំឡុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចំនួន៣ថ្ងៃ៕