ហេង សៅ​ឌី គ្រង​តំណែង​ស្ដេច​អុក​ចត្រង្គ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧

82

អុកចត្រង្គ៖ ការប្រកួតកីឡាអុកចត្រង្គអបអរព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅតំបន់អង្គរខេត្តសៀមរាបបានរកឃើញស្ដេចអុកឆ្នាំ២០១៧ ហើយគឺបានទៅកីឡាករមកពីខេត្តកណ្ដាល ហេង សៅឌី បន្ទាប់ពីរូបគេបានយកឈ្នះកីឡាករ ប៊ិន គាសេង នៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១៦ ខែមេសាម្សិលមិញ។

 

នៅក្នុងការប្រកួតដំណាក់កាលទី២ ឬវគ្គ ៨នាក់ចុងក្រោយរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះកីឡាករ ហេង សៅឌី ដែលទើបមានវ័យ ២៤ឆ្នាំបានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នកស្នេហាវិស័យកីឡាអុកចត្រង្គកម្ពុជាដោយគេបានយកឈ្នះកីឡាករ កាំង ហេង និងបន្តទម្លាក់ស្ដេចអុកពីរជំនាន់ ឈាវ បូរ៉ា ឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយបានយកឈ្នះកីឡាករ ប៊ិន គាសេង ដើម្បីគ្រងតំណែងស្ដេចអុកតែម្ដង។ នេះជាលើកទី១ ដែលកីឡាករវ័យ ២៤ឆ្នាំ ហេង សៅឌី គ្រងតំណែងស្ដេចអុកបន្ទាប់ពីរូបគេទទួលរងនូវការខកចិត្ត ២ឆ្នាំជាប់គ្នាត្រឹមវគ្គ ៨នាក់ចុងក្រោយនាពេលកន្លងទៅ។ ចំណែកកីឡាករ ឆយ វីរ៉ា អតីតស្ដេចអុកឆ្នាំ២០០៨ និងឆ្នាំ២០១០ វិញ នៅថ្ងៃជាមួយគ្នានោះបានយកឈ្នះកីឡាករ ឈាវ បូរ៉ា អតីតស្ដេចអុកឆ្នាំ២០១៤ និងឆ្នាំ២០១៥ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិនេះ។

សម្រាប់ប្រាក់រង្វាន់ជ័យលាភីវិញសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឧបត្ថម្ភកីឡាករលេខ១ ទទួលបាន ២០លានរៀល, លេខ២ ទទួលបាន ១២លានរៀល, លេខ៣ ទទួលបាន ៨លានរៀល និងលេខ៤ ទទួលបាន ៤លានរៀល។ លើសពីនេះសម្ដេចក៏ផ្ដល់រង្វាន់លើកទឹកចិត្តអ្នកទទួលបានលេខ៥ ដល់លេខ៨ ម្នាក់ៗចំនួន ២លានរៀលផងដែរ។ ដោយឡែកប្រាក់រង្វាន់របស់គណៈកម្មការរៀបចំការប្រកួតវិញលេខ១ ទទួលបាន ១២លានរៀល, លេខ២ ទទួលបាន ៨លានរៀល, លេខ៣ ទទួលបាន ៤លានរៀល និងលេខ៤ ទទួលបាន ៣លានរៀល៕

អត្ថបទ លី ឈុនឡា