កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​មួយ ​និង​ប្រាក់​មួយ​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​ប៉េតង់​ពិភពលោក​​​នៅ​ប្រទេស​បែលហ្សិក

292
កីឡា​ការិនី អ៊ុក ស្រីមុំ

ប៉េតង់៖ ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជាបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាថ្មីទៀតហើយ ក្រោយដណ្ដើមបានមេដាយមាស និងមេដាយប្រាក់ ២គ្រឿង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកឆ្នាំ២០១៧ ដែលរៀបចំឡើងនៅទីក្រុង Ghent ប្រទេសបែលហ្ស៊ិកកាលពីយប់មិញ។

 
សម្រាប់មេដាយមាសគឺដណ្ដើមបានដោយកីឡាការិនី អ៊ុក ស្រីមុំ លើវិញ្ញាសាវាយឯកត្តជននារី បន្ទាប់ពីយកឈ្នះគូប្រកួតជាបន្តបន្ទាប់ តាំងពីវគ្គជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ នៅក្នុងវគ្គជម្រុះ ស្រីមុំ បានយកឈ្នះកីឡាការិនីម៉ាដាហ្កាស្កាដោយលទ្ធផល ១០-៩ពិន្ទុ, ឈ្នះកីឡាការិនីមកពីកោះ Jersey ១៣-៧ពិន្ទុ, ឈ្នះកីឡាការិនីមកពីម៉ូណាកូ ៩-៨ពិន្ទុ និងយកឈ្នះកីឡាការិនីមកពីកាណាដា ១៣-១១ពិន្ទុ។ ឈានដល់វគ្គ ១៦នាក់ចុងក្រោយកីឡាការិនីឆ្នើមកម្ពុជារូបនេះ បានយកឈ្នះកីឡាការិនីស៊ុយអែតដោយលទ្ធផល ១៣-១០ពិន្ទុ បន្ទាប់មកបានទម្លាក់កីឡាការិនីអេស្ប៉ាញដោយលទ្ធផល ១៣-១០ពិន្ទុដូចគ្នានៅវគ្គ ៨នាក់ចុងក្រោយ មុននឹងបន្តយកឈ្នះកីឡាការិនីបារាំងដោយលទ្ធផល ១៣-១២ ដើម្បីកក់កៅអីវគ្គផ្ដាច់ព្រ័ត្រហើយក៏បានយកឈ្នះកីឡាការិនីទុយណេស៊ី Mouna BEJI ដោយលទ្ធផល ១៣-៧ពិន្ទុ ដើម្បីទទួលបានមេដាយមាសពិភពលោកតែម្ដង។

ដោយឡែកមេដាយប្រាក់វិញគឺដណ្ដើមបានដោយកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនីវ័យក្មេង ស្រ៊ាង សុរ៉ាឃីម ដែលចាប់ដៃគ្នាប្រកួតលើវិញ្ញាសាវាយគូចម្រុះបុរស-នារី តែគួរឲ្យស្ដាយពួកគេបានរងនូវការបរាជ័យក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក្រោមថ្វីដៃក្រុមកីឡាករ-កីឡាការិនីមកពីប្រទេសទុយណេស៊ីវិញ ដែលធ្វើឲ្យក្រុមកីឡាករ-កីឡាការិនីដណ្ដើមបានត្រឹមមេដាយប្រាក់។ ប៉ុន្តែយ៉ាងណានេះជាលើកដំបូងហើយ ដែលក្រុមកីឡាប៉េតង់កម្ពុជាដណ្ដើមបានមេដាយប្រាក់លើវិញ្ញាសាវាយគូចម្រុះបុរស-នារី។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយគឺអតីតម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៦ កីឡាករ សុខ ចាន់មាន មិនអាចការពារតំណែងម្ចាស់មេដាយមាសពិភពលោករបស់ខ្លួន លើវិញ្ញាសាវាយឯកត្តជនបុរសបាននោះទេ បន្ទាប់ពីប្រកួតចាញ់កីឡាករម្ចាស់ផ្ទះបែលហ្ស៊ិកត្រឹមវគ្គ ១៦នាក់ចុងក្រោយ គ្រាដែលការប្រកួតលើវិញ្ញាសាវាយគូបុរស កីឡាករឆ្នើមរបស់កម្ពុជារូបនេះក៏ធ្វើមិនបានល្អដែរ ដោយធ្លាក់ត្រឹមវគ្គជម្រុះក្រោយប្រកួតចាញ់ក្រុមកីឡាករអាល្លឺម៉ង់៕

អត្ថបទ លី ឈុនឡា