មនុស្ស ១២​នាក់​រង​របួស​ក្នុង​​​ការ​វាយប្រហារ​ដោយ​​ទឹក​អាស៊ីដ​នៅ​​រង្គសាល​រាត្រី​ក្នុង​ទីក្រុង​ឡុងដ៍​​ចក្រ​ភព​អង់គ្លេស

208

អង់គ្លេស៖ នគរបាលប្រចាំតំបន់ឲ្យដឹងកាលពីថ្ងៃចន្ទថា មនុស្ស ១២នាក់បានរងរបួសរលាកខ្លោចសាច់ បណ្ដាលមកពីការវាយប្រហារដោយទឹកអាស៊ីដនៅឯរង្គសាលរាត្រីក្នុងទីក្រុងឡុងដ៍ ស្របពេលដែលភ្ញៀវជាង ៦០០នាក់ត្រូវបានគេជម្លៀសចេញពីកន្លែងកើតហេតុ។

T1

មន្ត្រីយោធានិយាយថា បុរសម្នាក់បានជះទឹកអាស៊ីដទៅលើបុរសពីរនាក់ បន្ទាប់ពីកើតមានជម្លោះនៅក្នុងរង្គសាលរាត្រីមួយនេះ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១ និង ១០នាទីរំលងអាធ្រាត្រ ហើយអ្នករងរបួសដោយទឹកអាស៊ីដទាំង ១២នាក់ត្រូវបានគេដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ នគរបាលបន្តទៀតថា បុរស ២នាក់ដែលមានវ័យជាង ២០ឆ្នាំបានរងរបួសធ្ងន់ធ្ងរ តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ។ ក្រុមនគរបាលកំពុងធ្វើការស៊ើបអង្កេតទៅលើករណីនេះ តែបានបង្ហាញឲ្យឃើញថាការវាយប្រហារដោយទឹកអាស៊ីដនេះគឺទាក់ទងនឹងជម្លោះក្រុមក្មេងស្ទាវ៕
អត្ថបទ៖ រិទ្ធី