អង្ករ​កម្ពុជា​ មាន​កំណើន​ទីផ្សារ​ធំ​នាំ​ចេញទៅ​ប្រទេស​ចិន​ និង​អឺរ៉ុប

36

ភ្នំពេញ ៖ ទីផ្សារនាំចេញអង្ករកម្ពុជា នៅតែមានកំណើននៅឆ្នាំ២០១៧នេះ ហើយជាពិសេសនោះទីផ្សារចិន និងអឺរ៉ុប នៅតែមានសន្ទុះខ្លាំងជាងគេ។

លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវីថា ជាទូទៅការនាំចេញអង្កររបស់កម្ពុជាកាលពីឆ្នាំ២០១៦ ថ្វីបើមានកំណើនតិចតួចក៏ពិតមែន ដោយសារតែមានសម្ពាធនៃការប្រកួតប្រជែងពីប្រទេស ឥណ្ឌា ភូមា ថៃ និងប្រទេសវៀតណាម ប៉ុន្តែនៅឆ្នាំ២០១៧ មាន សន្ទុះឡើងវិញ។

លោក បានបន្តទៀតថា សន្ទុះនៃការនាំចេញអង្ករកម្ពុជាខ្លាំងគឺទៅកាន់ប្រទេសចិនពី ១០ម៉ឺនតោននៅឆ្នាំចាស់ និងឆ្នាំថ្មី២០១៧ ២០ម៉ឺនតោន ហើយកំណើនទីផ្សារធំជាងគេគឺទីផ្សារចិន និងអឺរ៉ុប។ លើសពីនេះ លោកថា បើសិនជាការអនុវត្តកិច្ចព្រមព្រៀង ២សែនតោន អនុវត្តបានលឿន នោះប្រទេសចិន នឹងពិចារណាឲ្យកម្ពុជា អាចនាំចេញបានច្រើនបន្ថែមទៀត។

លោក បានបញ្ជាក់ថា ដើម្បីឲ្យមានតុល្យភាពទីផ្សារនាំចេញអង្ករកម្ពុជា បានច្រើនគួរតែធ្វើពិពិធកម្មទីផ្សារឲ្យបានច្រើនជាងនេះ ព្រោះប្រទេស នៅលើពិភពលោកក៏មានតម្រូវការបរិភោគអង្ករច្រើនដែរ ដូចជា ប្រទេសអាហ្រិក។លោក បានបន្ថែមថា កម្ពុជាគួរតែរៀបចំទីផ្សារឲ្យហើយ ព្រោះកន្លងមកអង្ករកម្ពុជាមានតម្លៃថោក ជាងថៃទៅទៀត ប៉ុន្តែឥឡូវថ្លៃជាងប្រទេសថៃ និងវៀតណាមទៅវិញ។

សម្រាប់ លោក ហ៊ាន វណ្ណហន ប្រធានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករឲ្យដឹងថា រយៈពេល ៣ខែដើមឆ្នាំ២០១៧នេះ ការនាំចេញអង្កររបស់កម្ពុជាទៅទីផ្សារអឺរ៉ុបបានចំនួន ១៦៦ ពាន់ ៦៧៨ តោន ហើយបើធៀបកាលពីឆ្នាំមុននៅរយៈពេលដូចគ្នាមានកំណើន ៣%

លោកបានបន្តទៀតថា ចំពោះការនាំចេញទៅអឺរ៉ុបវិញមិនមានបញ្ហាអ្វីនោះទេ ទោះបីជាច្បាប់ថ្មីរបស់អឺរ៉ុបបានដាក់ចេញក៏ដោយ ប៉ុន្តែមិនប៉ះពាល់ដល់កម្ពុជាទេ។ សម្រាប់ទីផ្សារចិនវិញរយៈពេល ៣ខែនេះនាំចេញបាន ៦៧ ពាន់ ៤៨២ តោន និងទៅអឺរ៉ុបបាន ចំនួនប្រមាណ ៨ម៉ឺនតោន។

លោក បានបន្ថែមថា ការនាំចេញអង្ករបើគិតត្រឹមពេញមួយខែ ៣ នេះ បានចំនួន ៥៧ពាន់ ១២៧ តោន និងធៀបកាលពីឆ្នាំមុន មានកំណើន ១៦% ប៉ុណ្ណោះ៕

btvnews(22-03-2016(6))