ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទំហំ​ទឹកប្រាក់​ជាង​១២៨២​លាន​ដុល្លារ​អាមេរិក​ក្នុង​ដំណាច់​ត្រីមាស​ទី​១

110

ភ្នំពេញ ៖ ទុនវិនិយោគក្នុងវិស័យសំណង់ត្រឹមដំណាច់ត្រីមាសទី១ឆ្នាំនេះ មានតំលៃទឹកប្រាក់ជាង១២៨២លានដុល្លារអាមេរិក និងមានគំរោងសំណង់ដែលបានអនុម័តសរុបចំនួន៧៨៦ គំរោងនៅទូទាំង រាជធានី ខេត្តទូទាំងប្រទេស។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០១៧ និងទិសដៅការងារបន្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្នុងត្រីមាសទី១ឆ្នាំនេះ ក្រសួងរៀបចំដែនដី និងមន្ទីររៀបចំដែនដីថ្នាក់រាជធានី ខេត្តបានអនុម័តគំរោងសរុបចំនួន៧៨៦ និងតម្លៃប៉ាន់ស្មាននៃទុនវិនិយោគចំនួនជាង១២៨២លានដុល្លារអាមេរិក ធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុន គឺមានគំរោងចំនួន៤៧៣គំរោង និងមានតំលៃទុនវិនិយោគប្រមាណជាង១៦៤៧លានដុល្លារអាមេរិក។

របាយការណ៍ដដែល បានបង្ហាញថា វិស័យនេះ បានផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួន៤៨,០០០នាក់ទៅ៥០,០០០នាក់ក្នុងមួយថ្ងៃ ក្នុងនោះរាជធានីភ្នំពេញមានប្រមាណ២២,០០០ទៅ២៣,០០០នាក់ក្នុងមួយថ្ងៃ។

លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងទីភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ការធ្លាក់ចុះ ទុនវិនិយោគក្នុងវិស័យនេះ វាជានិន្នាការធម្មតា វាប្រៀបបីដូចការវិវត្តន៍របស់មនុស្ស ដែលមានវ័យចន្លោះ១ទៅ៣ឆ្នាំ មានការប្រែប្រួល ពី៣ដល់៨ឆ្នាំក៏មានការប្រែប្រួល ប៉ុន្តែពី១៥ដល់ឆ្នាំអាយុ២០ និងពីអាយុ២០ទៅ៣០ឆ្នាំមិនសូវឃើញមានអ្វីប្រែប្រួលនោះទេ គឺដូច នឹងការវិវត្តន៍របស់វិស័យនេះ នាពេលបច្ចុប្បន្ន ស្ថានភាពឆ្នាំនេះស្រដៀងគ្នានឹងឆ្នាំ២០១២ ដល់២០១៥ ប៉ុន្តែតិចជាងឆ្នាំ២០១៥និង ២០១៦។

លោកបន្តថា “វាជាការវិវត្តន៍ធម្មតា មិនមានអ្វីអវិជ្ជមាននោះទេ ព្រោះពេលនេះ បើអ្នកវិនិយោគអាជីពមានទុនគ្រប់គ្រាន់ ពួកគេនឹងនៅតែជោគជ័យ ហើយពួកគេនៅតែសាងសង់បន្ត”។លោកបន្តថា “ទីផ្សារនេះ ជិតឆ្អែតហើយសម្រាប់អចលនវត្ថុប្រណីត សំដៅអ្នកមានលុយច្រើន និងអ្នកមានជីវភាពមធ្យម ប៉ុន្តែទីផ្សារសំរាប់អ្នកមានចំណូលក្រោមមធ្យមនៅតែមានតម្រូវការច្រើន”៕