ខេត្ត​តាកែវ​សល់​ស្រូវ​រដូវប្រាំង​ប្រមាណ​ជាង​៧០​ម៉ឺន​តោន​

105

តាកែវ ៖ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង ក្នុងឆ្នាំ២០១៦២០១៧ នៅក្នុងខេត្តតាកែវ បានបិទបញ្ចប់ហើយ រីឯលទ្ធផលនៃការប្រមូលទិន្នផលស្រូវវិញ ក៏មានការកើនឡើងបន្តិចបន្តួចបើប្រៀបធៀប នឹងឆ្នាំកន្លងមក។

លោក ញេប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានថ្លែងឲ្យដឹងថា ការប្រមូលផលស្រូវរដូវប្រាំងរបស់ប្រជាកសិករក្នុងខេត្តតាកែវ នៅឆ្នាំនេះ គឺ បានប្រមាណ១លាន១សែនតោន។ បន្ទាប់ពីទុកពូជ ចំណីសត្វ និងសម្រាប់ហូបចុក គឺនៅសល់ស្រូវប្រមាណជាង៧៦ម៉ឺនតោន ហើយបើគិតជាអង្គរ គឺនៅសល់ប្រមាណ៤៨ម៉ឺនតោន ក៏ប៉ុន្តែបើប្រៀបធៀបទៅ នឹងឆ្នាំកន្លងមក ទិន្នផលស្រូវនៅក្នុងឆ្នាំនេះ មានការកើនឡើងបន្តិចបន្តួចដែរ។

លោក បានបន្តថា បើទោះបីជាក្នុងឆ្នាំនេះ ទិន្នផលស្រូវប្រាំងក្នុងខេត្តតាកែវ មានការកើនឡើងបន្តិចបន្តួចយ៉ាងណាក៏ដោយ ក៏ខេត្តតាកែវនៅតែឈរក្នុងលំដាប់ថ្នាក់លេខ១ ជាខេត្តដែលផលិតស្រូវប្រាំង បានច្រើនជាងគេ បើប្រៀបជាមួយខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជា។

លោក ញេប ស្រ៊ន បានបញ្ជាក់ថា ទិន្នផលស្រូវដែលសល់ជាង៧៦ម៉ឺនតោនេះ មួយផ្នែកត្រូវបានលក់ទៅឲ្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តតាកែវ មួយចំនួនធំទៀតលក់ទៅឲ្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តកំពត និងមួយចំនួនទៀតលក់ទៅប្រទេសវៀតណាម។ រីឯតម្លៃស្រូវវិញ គឺមានការធ្លាក់ចុះប្រមាណ៥០រៀល ក្នុងមួយគីឡូក្រាម បើប្រៀបធៀបទៅ នឹងឆ្នាំកន្លងមក៕