ក្មេង​ស្រី​ជំទង់​ម្នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ការ​វាយ​ប្រហារ​ពី​ត្រី​ឆ្លាម​នៅ​តំបន់​ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី ​

94

អូស្ត្រាលី៖ ក្មេងស្រីវ័យ ១៧ឆ្នាំម្នាក់នេះបានស្លាប់ ក្រោយរងការវាយប្រហារពីត្រីឆ្លាមកាលពីថ្ងៃចន្ទកន្លងទៅ ស្របពេលដែលនាងជិះទឹករលកជាមួយឪពុករបស់នាងនៅតំបន់ឆ្នេរសមុទ្រអូស្ត្រាលី។W5ក្មេងស្រី ឡេទីស៊ីយ៉ា ប្រ៊ូវើ បានមកវិស្សមកាលនៅទីក្រុងអេស្ពឺរ៉ង់ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ ស្ថិតនៅតំបន់ឆ្នេរភាគខាងលិចប្រទេសអូស្ត្រាលី ពេលដែលនាងជិះរលកកាលពីថ្ងៃចន្ទនៅឆកសមុទ្រវីលី ខណៈដែលម្ដាយ និងបងប្អូនបង្កើតរបស់នាងមើលពីឆ្នេរខ្សាច់។ ក្រុមគ្រូពេទ្យបានអះអាងថា របួស និងការបាត់បង់ឈាមច្រើនរបស់នាង ប្រ៊ូវើ ធ្ងន់ធ្ងរពេកមិនអាចឲ្យនាងរស់រានបាន។ គួរឲ្យដឹងថា តំបន់ទេសចរណ៍ដែលទទួលបានប្រជាប្រិយភាពខ្លាំង សម្រាប់ការជិះរលកមួយនេះធ្លាប់រងការវាយប្រហារពីត្រីឆ្លាមផងដែរ ពេលដែលបុរសវ័យ ២៣ឆ្នាំម្នាក់បានដាច់ដៃទាំងពីរកាលពីឆ្នាំ២០១៤។

ការស្លាប់របស់នាង ប្រ៊ូវើ គឺជាការវាយប្រហារបណ្ដាលឲ្យមនុស្សស្លាប់លើកដំបូងគេ នៅក្នុងប្រទេសអូស្ត្រាលីក្នុងឆ្នាំនេះ ក្រោយមានករណីវាយប្រហារររបស់ត្រីឆ្លាមបណ្ដាលឲ្យមនុស្សស្លាប់ ២នាក់កាលពីឆ្នាំមុននៅតំបន់ភាគខាងលិចនៃប្រទេសអូស្ត្រាលី។ សារព័ត៌មានអូស្រាលីបានរាយការណ៍ថា ក្ដារជិះរលករបស់នាង ប្រ៊ូវើ ត្រូវបានពិនិត្យមើលផងដែរ ដើម្បីកំណត់ថា តើវាគឺជាត្រីឆ្លាមប្រភេទអ្វីបានជាវាយប្រហារមកលើមនុស្សបែបនេះ៕

អត្ថបទ៖ សារ៉ាត់