កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ ជម្នះ​ឧបសគ្គ​មួយ​ចំនួន​មុន​ដណ្ដើម​បាន​មេដាយ​មាស​ពិភពលោក​ជូន​ជាតិ​

115

ប៉េតង់៖ ក្រោយមកដល់ប្រទេសកំណើតរបស់ខ្លួនកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោកបានរៀបរាប់ពីការតាំងចិត្ត និងឧបសគ្គមួយចំនួន ដែលបានឆ្លងកាត់ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០១៧ នៅប្រទេសប៊ែលហ្ស៊ិកកាលពីចុងសប្ដាហ៍កន្លងទៅ ទម្រាំដណ្ដើមបានមេដាយដ៏មហាកិត្តិយសជូនប្រទេសជាតិខាងលើ។

W16ក្រោយបញ្ចប់ក្បួនដង្ហែពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រហូតដល់ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា ដែលទទួលបានការស្វាគមន៍ពីប្រមុខថ្នាក់ដឹកនាំកីឡា និងម៉ូតូធំចំនួន ១២គ្រឿងកាលពីល្ងាចមិញ អ៊ុក ស្រីមុំ បានបង្ហាញពីក្ដីរំភើបរីករាយចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជាតែម្ដង។ ទន្ទឹមនឹងភាពសប្បាយរីករាយនេះដែរ ស្រីមុំ ក៏បានបង្ហើបឲ្យដឹងពីបញ្ហាប្រឈមមួយចំនួនដែលខ្លួនបានជម្នះ ដើម្បីដណ្ដើមបានមេដាយមាសពិភពលោកជូនជាតិផងដែរ។ កីឡាការិនីឆ្នើមរូបនេះបាននិយាយថា ក្រោមអាកាសធាតុដ៏ត្រជាក់ និងពិបាករឿងអាហារទទួលទានផងនោះ ខ្លួនបានព្យាយាមហូបយកកម្លាំងប្រកួតដណ្ដើមកិត្តិយសជូនជាតិ ព្រោះជាការតាំងចិត្តរបស់កីឡាករ-កីឡាការិនីម្នាក់ៗ។ ចំណែកការប្រកួតរឹតតែពិបាក ព្រោះអ្នកចូលរួមសុទ្ធតែជើងខ្លាំងពិសេសគឺកីឡាការិនីបារាំងតែម្ដង ។

គួរបញ្ជាក់ថា អ៊ុក ស្រីមុំ គឺជាស្ត្រីខ្មែរទី២ ដែលដណ្ដើមបានមេដាយមាសពិភពលោកលើវិញ្ញាសាវាយឯកត្តជននារី បន្ទាប់ពីអ្នកស្រី កែវ ឡេង ដែលធ្លាប់ដណ្ដើមបានមេដាយមាសចំនួន ៣លើកកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥។ ជាមួយនឹងការដណ្ដើមបានមេដាយមាសកម្រិតពិភពលោកនេះដែរ ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្លាស់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១២០លានរៀលតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ខណៈគ្រូបង្វឹកក៏ទទួលបានស្មើគ្នាផងដែរ។ ប៉ុន្តែសម្រាប់បេសកកម្មក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងលើ ក្រៅពីដណ្ដើមបានមេដាយមាសដោយកីឡាការិនី អ៊ុក ស្រីមុំ ហើយកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម ក៏ដណ្ដើមបានមេដាយប្រាក់ ១គ្រឿងលើវិញ្ញាសាវាយគូចម្រុះជូនប្រទេសជាតិកម្ពុជាផងដែរ ដែលមេដាយប្រាក់នេះត្រូវទទួលបានប្រាក់រង្វាន់ ៨០លានរៀលតាមអនុក្រឹត្យដូចគ្នាទៀតផង៕
អត្ថបទ លី ឈុនឡា