មនុស្ស​ ១២នាក់​​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ប្រទេស​យេ​មែន​

138

យេមែន៖ សារព័ត៌មានអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា ឧទ្ធម្ភាគចក្ររបស់ប្រទេសអារ៉ាប៊ីសាអូឌីតមួយគ្រឿង បានធ្លាក់ អំឡុងប្រតិបត្តិការណ៍យោធានានាក្នុងប្រទេសយេមែនកាលពីថ្ងៃអង្គារម្សិលមិញ និងបានសម្លាប់មន្ត្រី ១២នាក់នៅលើឧទ្ធម្ភាគចក្រ ហើយគេហទំព័រព័ត៌មានរបស់ក្រសួងការពារជាតិយេមែនបាននិយាយថា ឧទ្ធម្ភាគចក្រនោះបានឆេះ។

 

ចំនួនមនុស្សស្លាប់មានចំនួនច្រើនជាងគេបំផុត ក្នុងចំណោមឧបទ្ទវហេតុនានាពាក់ព័ន្ធកងកម្លាំងអារ៉ាប៊ីសាអូឌីត ចាប់តាំងពីក្រុមកងកម្លាំងចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើអន្តរាគមន៍ក្នុងសង្គ្រាមស៊ីវិលរបស់យេមែនក្នុងឆ្នាំ២០១៥ ដើម្បីព្យាយាមបណ្ដេញក្រុមចលនាបះបោរហូទី និងដណ្ដើមអំណាចជូនលោកប្រធានាធិបតីអាប់រ៉ាប៊ូ ម៉ាន់ស៊ួហាឌីវិញ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការអារ៉ាប៊ីសាអូឌីត SPA បានដកស្រង់សេចក្ដីថ្លែងការណ៍មួយពីកងកម្លាំងចម្រុះ ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតនិយាយថា ឧទ្ធម្ភាគចក្រឈ្មោះ Black Hawk បានធ្លាក់ក្នុងខេត្ត Marib ភាគខាងកើតរដ្ឋធានីសាណាដែលត្រួតត្រាដោយក្រុមហូទី។ ហើយមូលហេតុនាំឧទ្ធម្ភាគចក្រធ្លាក់គេនៅកំពុងស៊ើបអង្កេតនៅឡើយ។

ប៉ុន្តែគេហទំព័រព័ត៌មានរបស់ក្រសួងការពារជាតិយេមែន បានដកស្រង់សម្ដីយោធាយេមែនដោយលើកឡើងថា ឧទ្ធម្ភាគចក្រនេះបានធ្លាក់ចម្ងាយ ៥គីឡូម៉ែត្រពីកន្លែងចេញដំណើរ ដោយសារបញ្ហាបច្ចេកទេសមិនបានត្រួតពិនិត្យប្រព័ន្ធការពារដែនអាកាស ជាហេតុនាំឲ្យឧទ្ធម្ភាគចក្រខូចមុនពេលចុះចត៕
អត្ថបទ៖ សុខមាន