ប្រមុខ​ការពារ​ជាតិ ៖ ពលរដ្ឋ​មាន​សុខ​សន្តិភាព​ និង​រីក​ចំរើន​រហូតដល់​ស​ព្វ​ថ្ងៃ​ គឺ​កើត​ចេញ​ពី​វីរអង់អាច​ក្លាហាន​របស់​កងទ័ព

96

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋមានសុខសន្តិភាព សេរីភាព និងភាពរីកចំរើនរហូតសល់សព្វថ្ងៃនេះ គឺបានកើតចេញពីភាពអង់អាចរបស់កងទ័ព ដូច្នេះ កងទ័ពនឹងបន្តរក្សាការពារបែបនេះទៀតដោយមិនអនុញ្ញាតឲ្យបុគ្គលណាមកយាយី និងបំផ្លាញសន្តិភាពនោះបានឡើយ។

ថ្លែងតាមរយៈសង្គមហ្វេសបុកផ្ទាល់ខ្លួន នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ទៀ បាញ់ បានលើកឡើងថា «បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសទទួលបាននូវសុខ សន្តិភាព ស្ថេរភាព និងមានការរីកចម្រើនគ្រប់វិស័យដូចសព្វថ្ងៃនេះ គឺ ដោយសារវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ពយើង។ ដូចនេះ ដើម្បីជាទំនុកចិត្តនៃប្រជាពលរដ្ឋ បងប្អូនកងទ័ពយើងត្រូវប្ដេជ្ញាចិត្តយ៉ាងមុះមុតការពារ រក្សាអោយបាននូវ សុខ សន្តិភាព ស្ថេរភាព ជូនជាតិ មាតុភូមិ ជានិរន្តរ»

តែទោះជាយ៉ាងនេះក្តី នាយឧត្តមសេនីយ៍ ទៀ បាញ់ ក៏បានអំពាវនាវដល់កងទ័ពទាំងអស់ត្រូវបន្តជួយអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចំរើនបន្ថែមទៀតផងដែរ ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធតែ ម្តង។

នាយឧត្តមសេនីយ៍ទៀ បាញ់ បានបន្តថា«កងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបន្តចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម និងជួយសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះអាសន្នផ្សេងៗ ដើម្បីរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាដើម»

កាលពីកន្លងទៅនាយឧត្តមសេនីយ៍ ទៀ បាញ់ តែងតែធ្វើការអំពាវនាវជាច្រើនលើកច្រើនសារមកហើយថា កងទ័ពគឺជាស្ថាប័នដ៏ធំសម្រាប់ការពារជាតិមាតុភូមិកម្ពុជាទាំងមូល ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតជាដើម ហើយប្រសិនជនណាមានចេតនាចង់បំផ្លាញសុខសន្តិភាពបង្ករអសណ្តាប់ធ្នាប់សង្គម នឹងមិនលើកលែងឲ្យនោះឡើយ៕