ធនាគារ​ជាតិ​ដាក់​ដេញថ្លៃ​ប្រាក់​៤០​ពាន់​លាន​រៀល​ សម្រាប់​ខែ​មេសា​នេះ

145

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាបានដាក់ដេញថ្លៃសាច់ប្រាក់ចំនួន៤០ពាន់លានរៀល សម្រាប់ផ្តល់ឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុនានា នៅកម្ពុជាធ្វើការដេញថ្លៃ ក្នុងអត្រាការប្រាក់៣ភាគរយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ដែលបាន ចេញផ្សាយកាលពីថ្ងៃម្សិលម៉ិញ បានឲ្យដឹងថា ការដាក់ចេញថ្លៃសម្រាប់ខែមីនានេះ មានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយប៉ុណ្ណោះបានដេញថ្លៃ ខណៈកាលពីខែមីនាកន្លងមក មិនមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយបានធ្វើការដេញថ្លៃនោះទេ។

សេចក្តីប្រកាសដដែល បានឲ្យដឹងថា ការដេញថ្លៃដែលធ្វើឡើងរៀងរាល់ខែនេះ គឺស្ថិតក្នុងប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា ដែលធនាគារជាតិ នៃកម្ពុជាបានអនុវត្តន៍ចាប់តាំងពីចុងឆ្នាំ២០១៦ ដើម្បីបង្កើនការចរាចរប្រាក់រៀលក្នុងទីផ្សារ។

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារនៃស្ថាប័នមីក្រូហិរញ្ញវត្ថុប្រាសាក់ បានថ្លែងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ធ្លាប់បានចូលរួមដេញថ្លៃប្រាក់រៀលពីធនាគារជាតិ ប៉ុន្តែលើកនេះគ្រឹះស្ថាន របស់លោកមិនចូលរួមដេញថ្លៃនោះទេ ដោយសារសាច់ប្រាក់ដេញថ្លៃកន្លងមកប្រើប្រាស់មិនទាន់អស់។ លោក បន្តថា ការចរាចរប្រាក់រៀលនៅលើទីផ្សារ ប្រាសាក់ មានគោលនយោបាយផ្តល់ជូនអតិថិជនដែលប្រើប្រាស់ឥណទានក្នុងទំហំសាច់ប្រាក់តូច គឺគ្រឹះស្ថានផ្តល់ជូនជាប្រាក់រៀល ប៉ុន្តែអ្នកប្រើប្រាស់ឥណទានក្នុងទំហំសាច់ប្រាក់ធំ យើងតែងតែផ្តល់ជូនជាប្រាក់ដុល្លារ ដោយសារងាយស្រួលទុកដាក់។

លោក បន្តថា ចំពោះអត្រាការប្រាក់៣ភាគរយ ដែលផ្តល់ជូនពីធនាគារជាតិជាការសមរម្យនាពេលកន្លងមក ប៉ុន្តែចាប់តាំងពីរដ្ឋាភិបាលកំណត់ពិដានការប្រាក់ត្រឹម១៨ភាគរយ អត្រាការប្រាក់នេះហាក់ខ្ពស់បន្តិច ហេតុនេះធនាគារជាតិគួរពិចារណាបញ្ចុះអត្រាការប្រាក់បន្ថែមទៀត ព្រោះប្រាក់រៀលដែលដេញថ្លៃមកមិនបានប្រើប្រាស់១០០ភាគរយនោះទេ។

សេដ្ឋវិទូកម្ពុជាលោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា ការដាក់ចេញនូវការដេញថ្លៃសាច់ប្រាក់រៀលនេះ ជាដំណើរការល្អដែលនឹងវិវត្តន៍ទៅមុខបន្តិចម្តងៗ ព្រោះ ការធ្វើការជាមួយវិស័យឯកជន រដ្ឋាភិបាលមិនអាចចាប់បង្ខំបានទេ ហើយការដែលមីក្រូហិរញ្ញវត្ថុ ធនាគារមិនចូលរួមដេញថ្លៃមកពីពួកគេគិតថា វាគ្មានប្រយោជន៍។

លោក បន្តថា ការងារលើកកម្ពស់ចរាចរសាច់ប្រាក់រៀល ត្រូវការពេលវេលាយូរ ដើម្បីធ្វើឲ្យការងារនេះដំណើរការដោយរលូន និងទទួលបានការទុនចិត្តពីវិស័យឯកជននានា៕