រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​អះ​អាង​ថា ការ​បាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​គឺជា​កាយវិការ​បង្ក​សង្គ្រាម

146

អាមេរិក៖ សហរដ្ឋអាមេរិកបានចោទប្រកាន់កូរ៉េខាងជើងថា កំពុងព្យាយាមបង្កសង្គ្រាម ក្រោយទីក្រុងព្យុងយ៉ាងសាកល្បងមិនជោគជ័យ នូវគ្រាប់មីស៊ីលរបស់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅ។

Th2
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ជែមស៍ ម៉ាទីស បាននិយាយថា ការធ្វើតេស្តគឺជាកាយវិការធ្វេសប្រហែសមួយ ហើយអាមេរិកនឹងបន្តការងារយ៉ាងជិតស្និតជាមួយចិន ដើម្បីទប់ទល់ជាមួយកូរ៉េខាងជើង។ លោក ម៉ាទីស បាននិយាយថា ការធ្វើតេស្តមីស៊ីលកាលពីថ្ងៃអាទិត្យមិនពាក់ព័ន្ធនឹងមីស៊ីលបាលីស្ទិកអន្តរទ្វីបនោះទេ ប៉ុន្តែវានៅតែជាទង្វើធ្វេសប្រហែសមួយដដែល។ លោកបន្តថា “វាបានបង្ហាញយ៉ាងច្បាស់ពីហេតុផល ដែលយើងត្រូវបន្តធ្វើការជាមួយចិននៅពេលនេះ ដើម្បីអាចគ្រប់គ្រងស្ថានការទៅបាន និងមានគោលបំណង ដើម្បីឲ្យគ្មានអាវុធនុយក្លេអ៊ែរនៅតំបន់ឧបទ្វីបកូរ៉េ”។

មន្ទីរបញ្ចកោណបានរាយការណ៍ថា មីស៊ីលបានបាញ់កាលពីថ្ងៃអាទិត្យបានផ្ទុះភ្លាមៗ នៅនឹងកន្លែងតែម្ដងប៉ុន្មានវិនាទីប៉ុណ្ណោះក្រោយការបាញ់។ គួរឲ្យដឹងថា ទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនអាចនឹងបាញ់សាកល្បងមីស៊ីលរាល់សប្ដាហ៍ និងបានធ្វើការព្រមានថាសង្គ្រាមនឹងផ្ទុះឡើង បើសិនជាអាមេរិកចាត់វិធានការផ្នែកយោធា។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងលោក ហាន សុងយ៉ុល បាននិយាយកាលពីថ្ងៃចន្ទថា “បើសិនជាអាមេរិកមានគម្រោងវាយប្រហារដោយយោធាមកលើពួកយើងនោះ យើងនឹងវាយបកវិញភ្លាមដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយមិនប្រាប់ជាមុន”។ សូមបញ្ជាក់ថា ភាគីទាំងពីរបានតឹងសរសៃកដាក់គ្នា ក្រោយពីកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលចុងក្រោយរបស់ខ្លួន៕
អត្ថបទ៖ សារ៉ាត់