រដ្ឋមន្ត្រី​ទេសចរណ៍ ៖ ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៤​លាន​នាក់​ដើរ​កំសាន្ត​ក្នុង​ពេល​ចូលឆ្នាំ​ ,​ចំណាយ​ប្រាក់​២០០​លាន​ដុល្លារ

93

ភ្នំពេញ ៖ ឯកឧត្តម ថោង ខុន បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរណ៍អន្តរជាតិជាង៤លាននាក់ បានចេញដើរកំសាន្ត ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលបញ្ចប់កាលពីចុងសប្តាហ៍មុន និងបានចំណាយប្រាក់ជាង២០០លានដុល្លារ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងបន្តថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋកម្ពុជា ចេញដើរកំសាន្តទូទាំងប្រទេសជាង៤.១លាននាក់ កើនឡើង ៣.៣៦ភាគរយ ធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុន និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៦៥,៦៩៤នាក់កើនឡើង៦.៦ភាគរយ។

ឯកឧត្តម បន្តថា នៅរាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាង១៤ម៉ឺន៥ពាន់នាក់ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង១,៨លាននាក់ បណ្តាខេត្តជាប់មាត់សមុទ្រទទួលបានភ្ញៀវជាតិ អន្តរជាតិជិត៣៩ម៉ឺននាក់ ខេត្តភាគខាងជើងប្រទេសទទួលបានភ្ញៀវជាង២៤ម៉ឺននាក់ បាត់ដំបង និងខេត្តជុំវិញបឹងទន្លេសាបទទួលបានភ្ញៀវជាតិ អន្តរជាតិជិត៥៤ម៉ឺននាក់ និងបណ្តាខេត្តដទៃទៀត ទទួលបានភ្ញៀវទេសចរណ៍ជាង១លាននាក់។

លោក លូ ម៉េង សហប្រធានក្រុមការងារទេសចរណ៍ផ្នែកវិស័យឯកជន បានថ្លែងថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងមកថ្មីៗនេះ ប្រជាពលរដ្ឋកម្ពុជា ពិតជាចេញដើរកំសាន្តនៅតាមបណ្តាខេត្តនានាច្រើន ដែលធ្វើឲ្យខ្វះបន្ទប់គេងនៅតាមបណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ចសំខាន់ៗ។

លោក បន្តថា ភ្ញៀវក្នុងស្រុកក៏បានចេញ ដើរកំសាន្តនៅក្រៅប្រទេសក៏ច្រើនផងដែរ ប៉ុន្តែលោកមិនទាន់មានតួលេខបញ្ជាក់ឲ្យដឹងនៅឡើយទេ។

លោកបន្តថា ភ្ញៀវទេសចរណ៍ក្នុងស្រុកជាភ្ញៀវមានការចំណាយខ្ពស់ ក្នុងពេលពួកគេដើរលេងកំសាន្ត ដែលការចំណាយរបស់ពួកគេមានច្រើនជាងភ្ញៀវទេសចរណ៍បរទេសមួយចំនួនទៀតផង។លោក បន្តថា ការឡើងថ្លៃបន្ទប់ផ្ទះសំណាក់ សណ្ឋាគារ និងសេវកម្មម្ហូបអាហារ ពិតជាមានការឡើងថ្លៃបន្តិចបន្តួច ហើយប្រទេសណាក៏ឡើងថ្លៃដែរ នៅពេលមានពិធីបុណ្យជាតិធំៗបែបនេះ៕