អតីត​​គ្រូ​បង្វឹក​ក្លឹប​ Granada, លោក Lucas Alcaraz ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ថ្មី​​របស់​ក្រុម​ជម្រើស​ជាតិ​​អាល់ហ្សេរី​

24

បាល់ទាត់៖ Lucas Alcaraz ដែលទើបត្រូវបានក្លឹបអេស្ប៉ាញ Granada បណ្ដេញចេញនៅពេលនេះបានបង្ហាញខ្លួនក្នុងសន្និសីទសារព័ត៌មានផ្លូវការ ប្រកាសតែងតាំងជាគ្រូបង្វឹកក្រុមជំរើសជាតិអាល់ហ្សេរី។

 

បុរសសញ្ជាតិអេស្ប៉ាញរូបនេះបានបាត់បង់តំណែងគ្រូបង្វឹក Granada កាលពីដើមសប្ដាហ៍មុន បន្ទាប់ពីដឹកនាំ ក្រុមធ្លាក់ទៅតំបន់កាត់ចោល។ នៅពេលនេះលោក Alcaraz បានទទួលការទុកចិត្តពីសហព័ន្ធបាល់ទាត់អាល់ហ្សេរី បន្ទាប់ពីក្រុមធ្លាក់ចេញពីការប្រកួតជើងឯកទ្វីបអាហ្វ្រិក ត្រឹមវគ្គវិលជុំក្នុងពូលដោយរកជ័យជំនះមួយគ្មាន។ បុរសវ័យ ៥០ឆ្នាំរូបនេះទទួលបានកិច្ចសន្យាដឹកនាំក្រុមអាល់ហ្សេរីពីរឆ្នាំ ដើម្បីត្រួសត្រាយផ្លូវអាល់ហ្សេរីនៅវគ្គជំរុះ World Cup 2018 រុស្ស៊ី និងជើងឯកទ្វីបអាហ្វ្រិកឆ្នាំ២០១៩។ មុនការមកដល់របស់លោក Lucas Alcaraz ដឹកនាំក្រុមអាល់ហ្សេរីនេះក៏មានបេក្ខភាពផ្សេងទៀតដែរដូចជា អតិតគ្រូបង្វឹក Middlesbrough, Aitor Karanka និងអតិតគ្រូបង្វឹក Osasuna, Joaquin Caparros។

ប្រកួតដំបូងរបស់អាល់ហ្សេរីក្រោមការដឹកនាំរបស់លោក Alcaraz គឺជួបជាមួយ Togo វគ្គជំរុះជើងទ្វីបអាហ្វ្រិក ២០១៩។ ក្រុមនៅតំបន់អាហ្វ្រិកខាងជើងមួយនេះស្ថិតនៅបាតតារាងនៃវគ្គជំរុះ World Cup 2018 មានមួយពិន្ទប៉ុណ្ណោះ ក្រោយការប្រកួតពីរលើក ៥ពិន្ទុតាមពីក្រោយនីហ្សេរីយ៉ា ខណៈដែលប្រកួតបន្ទាប់ជួប Zambia៕
អត្ថបទ៖នាង សុភាវុធ