រដ្ឋមន្ត្រី​សេដ្ឋកិច្ច៖រយៈពេល​៧​ឆ្នាំ​ ចិន​បាន​ផ្តល់​ហិរញ្ញប្បទាន ​៤២៩៧​លាន​ដុល្លារ​ដល់​កម្ពុជា​

146

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានថ្លែងថា ក្នុងរយៈពេល៧ឆ្នាំគិតចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៧ ប្រទេសចិន បានផ្ដល់ហិរញ្ញប្បទានជាជំនួយឥតសំណង និងឥណទានការប្រាក់ទាបសម្រាប់កិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាប្រមាណ៤២៩៧លានដុល្លារអាមេរិក។

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើឡើងបែបនេះចំពោះមុខ ឯកឧត្តម សុង ប៉ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅក្នុងពិធីចុះហត្ថលេខាប្រគល់សាកលវិទ្យាល័យក្រចេះទៅឲ្យក្រសួងអប់រំ យុវជន និងកីឡាកាលពីព្រឹកថ្ងៃទី១៨ មេសាកន្លងមកថា តួលេខនៃទំហំទឹកប្រាក់នេះ បានបង្ហាញឲ្យឃើញថា សាធារណរដ្ឋប្រជាមានិតចិន នៅតែជាដៃគូអភិវឌ្ឍនាំមុខគេមួយក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានដល់កម្ពុជា។បន្ថែមពីលើនេះ មានជំនួយបច្ចេកទេសដ៏ច្រើនសន្ធឹកសន្ធាប់លើគ្រប់វិស័យ និងរាយប៉ាយសឹងតែគ្រប់អង្គភាពនិងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា ការរីកចំរើនរបស់ប្រជាជាតិកម្ពុជាមកដល់បច្ចុប្បន្ននេះគឺកើតឡើងដោយសារការគាំទ្រយ៉ាងធំធេងពីសំណាក់រដ្ឋាភិបាលនិងប្រជាជនចិនទាំងនយោបាយ សេដ្ឋកិច្ច បច្ចេកទេស និងហិរញ្ញវត្ថុហើយឯកឧត្ដមមានជំនឿយ៉ាងមុតមាំថា ការបង្កើនកម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពិតជាបាននិងកំពុងបន្តផ្តល់កាលានុវត្តភាព គាំទ្រដ៏ធំធេងថែមទៀតសម្រាប់កម្ពុជាជាពិសេសក្នុងទិសដៅនាំកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខនេះ៕