នាយក​រដ្ឋ​មន្រ្ដី​កម្ពុជា-វៀត​ណាម ​នឹង​អញ្ជើញ​សម្ពោធ​ស្ពាន​តភ្ជាប់ ​ជ្រៃ​ធំ​-ឡុង​ប៊ិញ

200

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្ដីវៀតណាម នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។


សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោក ង្វៀន សួនហ្វ៊ុក នឹងចូលគ្រាបបង្គំគាល់ព្រះ ករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរម រាជវាំង។
បន្ទាប់មក លោក ង្វៀន សួនហ្វ៊ុក ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ហើយនឹងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន ផងដែរ។
ក្រៅពីនេះ លោក ង្វៀន សួនហ្វ៊ុក នឹងចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះដែរ នាយករដ្ឋមន្រ្ដីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីសម្ពោធស្ពានតភ្ជាប់ជ្រៃធំ (ខេត្តកណ្ដាល) និងឡុងប៊ិញ (ខេត្តអានយ៉ាង) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧៕