ទីក្រុង​ប៉េកាំង​រិះគន់​កូរ៉េខាងជើង តែ​កោត​សរសើរ​អាមេរិក​ជុំវិញ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​នៅ​តំបន់​ឧបទ្វីប​កូរ៉េ​

244

ចិន៖ ចិនបានចាប់ផ្ដើមឆ្អែតចិត្តនឹងអំនួតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងចាប់ផ្ដើមលំអៀងទៅលើសហរដ្ឋអាមេរិកវិញ។

F3រយៈពេល ១ថ្ងៃក្រោយពេលដែលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនិយាយថា ទីក្រុងព្យុងយ៉ាងនឹងសាកល្បងមីស៊ីលរាល់សប្ដាហ៍ ហើយនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរបើគេគំរាមនោះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក លូ កាង បាននិយាយថា ទីក្រុងប៉េកាំងកាន់តែខ្វាយខ្វល់ខ្លាំងឡើងចំពោះសកម្មភាពមីស៊ីល និងនុយក្លេអ៊ែរកាលពីពេលកន្លងទៅរបស់កូរ៉េខាងជើង។ នៅក្នុងសន្និសីទកាសែតតែមួយលោក លូ កាង បានស្ងើចសរសើរដល់សេចក្ដីថ្លែងការណ៍កាលពីពេលកន្លងទៅ របស់អាមេរិកស្ដីពីបញ្ហាកូរ៉េខាងជើង។ លោក លូ បាននិយាយថា ក្រុមមន្ត្រីអាមេរិកបានធ្វើសេចក្ដីអនុសាសន៍វិជ្ជមាន និងស្ថាបនា ដូចជាការប្រើប្រាស់មធ្យោបាយសន្តិភាព ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរនៅតំបន់ឧបទ្វីបកូរ៉េ។ នេះតំណាងឲ្យទិសដៅទូទៅដែលយើងជឿជាក់ថា ត្រឹមត្រូវហើយគួរឲ្យគោរព។

គួរឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក ហាន សុងយ៉ុល បានប្រើសូរស័ព្ទវោហារសាសន៍ខ្លាំងៗអំឡុងបទសម្ភាសន៍ជាមួយ BBC។ លោក ហាន បាននិយាយថា បើសិនជាសហរដ្ឋអាមេរិកហ៊ានធ្វេសប្រហែស ប្រើប្រាស់មធ្យោបាយយោធាសង្គ្រាមនឹងផ្ទុះឡើងភ្លាម។ យោងតាមសម្ដីអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានឲ្យដឹងថា សម្ដីទាំងនេះមិនបានធ្វើឲ្យស្ថានភាពធូរស្រាលនោះឡើយ។ លោកលូបន្តថា “ចិនសូមធ្វើការជំទាស់ទាំងស្រុងចំពោះពាក្យសម្ដី ឬវិធានការដែលធ្វើភាពតានតឹងកើនឡើង”៕
អត្ថបទ៖ សារ៉ាត់