គឹម ​សន្តិភាព៖​ ពន្ធនាគារ​មិន​មែន​ជា​ទី​សាធារណៈ​សម្រាប់​អ្នក​ចង់​ចូល​ ឬ​ចង់​ចេញ​ស្រេច​តែ​អំពើ​ចិត្ត​នោះ​ទេ!

96

ភ្នំពេញ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រកាសថា ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ គឺជាកន្លែងសម្រាប់រក្សាទុកជនទាំងឡាយណាដែលស្ថិតនៅក្រោមយុត្តាធិការនៃអំណាចតុលាការ។


លោកបន្តថា ពន្ធនាគារ មិនមែនជាទីសាធារណៈសម្រាប់អ្នកចង់ចូល ឬចង់ចេញស្រេចតែអំពើចិត្តនោះទេ។
លោកបញ្ជាក់ថា ទោះនៅប្រទេសណាក៏ដោយ ការចូលជួបជនទាំងឡាយដែលកំពុងស្ថិតក្នុងការឃុំខ្លួន ឬអនុវត្តទោស ត្រូវអនុវត្តតាមបទដ្ឋានច្បាប់ និងបទដ្ឋានសន្តិសុខសុវត្ថិភាពជាចាំបាច់។
គួរបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើរបាយការណ៍អំពីករណីលោកជុន ចាន់បុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ បន្លំខ្លួនធ្វើជាជំនួយការតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដើម្បីចូលទៅក្នុងពន្ធនាគារព្រៃស ជួបជាមួយអ្នកជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។ ហើយក៏ស្នើសុំឲ្យផ្ទេរសមត្ថកិច្ច នៃការអង្កេត ទៅឲ្យអគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការស៊ើបអង្កេតករណីនេះឲ្យដឹងការពិត។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ទំនងនឹងបញ្ឈប់ឲ្យអ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ចូលជួបមន្ត្រី និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ដែលកំពុងតែជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស៕