សម្ដេច​តេ​ជោ​គាំទ្រ​សម្ដេច​ក្រឡា​ហោម ស ខេង ធ្វើ​ជាប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់ និង​អនុញ្ញាត​ឲ្យ​ធ្វើ​ម្ចាស់​ផ្ទះ​ជើងឯក​ពិភពលោក​ឆ្នាំ​២០១៩

148

ប៉េតង់៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងការគាំទ្រ និងឯកភាពចំពោះការជ្រើសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើជាប្រធានសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា ជំនួសសម្ដេចវិបុលបញ្ញា សុខ អាន ដើម្បីជំរុញកីឡាដ៏មានប្រជាប្រិយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

 

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយវីរៈកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក រួមទាំងប្រតិភូ និងតំណាងកីឡាប៉េតង់កម្ពុជានៅវិមានសន្តិភាពកាលពីល្ងាចមិញ។ មិនតែប៉ុណ្ណោះសម្ដេចថែមទាំងប្រកាសអនុញ្ញាតឲ្យសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា ត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ស្ត្រី និងយុវជនជ្រើសរើសជើងឯកពិភពលោកនាឆ្នាំ២០១៩ខាងមុខទៀតផង។ ឆ្លៀតក្នុងឱកាសនោះដែរសម្ដេចតេជោ ហ៊ុន សែន បានថ្លែងរំឭកពីស្នាដៃ និងគុណបំណាច់របស់សម្ដេចវិបុលបញ្ញា សុខ អាន ដែលជាស្ថាបនិកបំផុស និងជំរុញការអភិវឌ្ឍន៍វិស័យកីឡាប៉េតង់កម្ពុជាឲ្យមានការរីកចម្រើនដូចសព្វថ្ងៃ។ ដោយហេតុនេះសម្ដេចបានស្នើរឲ្យថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីទាំងអស់បន្តការខិតខំបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការចង់បានរបស់វីរៈជនដឹកនាំដ៏ឆ្នើមគឺសម្ដេចវិបុលបញ្ហា សុខ អាន ដែលបានទទួលមរណភាពកាលពីពេលថ្មីៗកន្លងទៅ។

 
លើសពីនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងការកោតសរសើរចំពោះសមិទ្ធផលថ្មីៗ ដែលលើកកិត្តិយសប្រទេសកម្ពុជាលើឆាកអន្តរជាតិ ពិសេសគឺការដណ្ដើមបានមេដាយមាសពិភពលោកដោយវីរៈកីឡាការិនី អ៊ុក ស្រីមុំ និងមេដាយប្រាក់ដណ្ដើមបានដោយកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម លើវិញ្ញាសាវាយគូចម្រុះបុរស-នារី រួមទាំងគ្រូបង្វឹក ថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលជំរុញឲ្យសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះផងដែរ៕

អត្ថបទ៖ លី ឈុនឡា