ស្វាយរៀង​រំពឹង ៩០% ឈរ​កំពូល​តារាង​ជើង​ទី​១ បើ​សិន​យកឈ្នះ​ការពារ​ជាតិ​ចុង​សប្ដាហ៍​នេះ

75

បាល់ទាត់៖ លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្រុមកំពូលតារាងនៃលីគកំពូលកម្ពុជាសប្ដាហ៍ទី៧ បានឲ្យដឹងថា កូនក្រុមខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ចុងសប្ដាហ៍នេះ។

F9

មិនតែប៉ុណ្ណោះលោកថែមទាំងរំពឹង ៣ពិន្ទុពីការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍នេះ ដើម្បីរក្សាកៅអីកំពូលតារាងរហូតចប់ការប្រកួតសន្សំពិន្ទុជើងទី១ ទៀតផង។ លោក សំ វ៉ាន់ដេត បានចាត់ទុកជំនួបជាមួយក្រុមក្រសួងការពារជាតិចុងសប្ដាហ៍នេះ គឺជាការប្រកួតដ៏សំខាន់ដែលកូនក្រុមរបស់លោកត្រូវធ្វើការងារធ្ងន់ ដើម្បីដណ្ដើមជ័យជម្នះ។ ប៉ុន្តែយ៉ាងណាលោកក៏មានការព្រួយបារម្ភបន្តិចបន្តួចផងដែរ ដោយសារការប្រកួតនេះធ្វើឡើងក្រៅដី ពិសេសគឺស្វាយរៀងមានកីឡាករសំខាន់ ២រូបជាប់សម្រាកព្យាបាលរបួសនៅប្រទេសថៃ គឺខ្សែការពារ រស់ គង់សម្រេច និងសំអឿន ពិដោរ។ ប៉ុន្តែយ៉ាងណាគ្រូបង្វឹកធ្លាប់ជួយក្រុមព្រះខ័នរាជស្វាយរៀងលើកពានកាលពីឆ្នាំ២០១៣នេះ នៅតែមានជំនឿចិត្តលើកូនក្រុមរបស់ខ្លួន។ លោកបានអះអាងថា ការប្រកួតនេះដាច់ខាតក្រុមលោកត្រូវខំប្រឹងយកឈ្នះ ដើម្បីរក្សាកៅអីកំពូលតារាងរបស់ខ្លួន ហើយបើសិនព្រះខ័នរាជស្វាយរៀងអាចយកឈ្នះក្រសួងការពារជាតិ ក្រៅដីពិតមែននោះយ៉ាងហោចណាស់លោកសង្ឃឹម ៩០% ព្រះខ័នរាជស្វាយរៀងនឹងបន្តឈរកំពូលតារាងរហូតចប់ជើងទី១ ព្រោះគូប្រកួតនៅសល់មានកម្រិតសមត្ថភាពមិនលើសខ្វះគ្នាឡើយ។

F8

គួរបញ្ជាក់ថា ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមក្រសួងការពារជាតិ គឺធ្លាប់មានប្រវត្តិជួបគ្នាជាច្រើនលើកមកហើយ ដែលបញ្ចប់ការប្រកួតដោយលទ្ធផលឈ្នះ ចាញ់ និងស្មើគ្នាទៅវិញទៅមក។ ប៉ុន្តែចំពោះការប្រកួតដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងចង់ចាំមិនភ្លេចគឺជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup 2016 ដែលក្រុមទាំងពីរបានប្រកួតរហូតដល់ទៅ ១២០នាទីស្មើគ្នា ១-១ មុននឹងទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីក្រុមក្រសួងការពារជាតិយកឈ្នះ ៦-៥៕

អត្ថបទ លី ឈុនឡា