Manchester United ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Europa League ទាំង​ព្រលឹង​ចុង​សក់ ខណៈ Ajax វាយបក​ទម្លាក់ Schalke នៅ​ម៉ោង​បន្ថែម​

123
Man United 2-1 Anderlecht

បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United របស់លោក Jose Mourinho បានបន្តដំណើរឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្របខណ្ឌ UEFA Europa League ទាំងព្រលឹងចុងសក់យប់ម៉ិញនេះ ក្រោយការប្រកួតអូសបន្លាយដល់ម៉ោងបន្ថែម ១៥នាទីពីរដង។

Man United 2-1 Anderlecht
Man United 2-1 Anderlecht

បន្ទាប់ពីស្មើគ្នានៅទឹកដីប៊ែលហ្ស៊ិករបស់ Anderlecht សប្ដាហ៍មុន ១-១ ការប្រកួតជើងទីពីរនៅទឹកដី Old Trafford យប់ម៉ិញក៏នៅតែបញ្ចប់ក្នុងលទ្ធផលដូចគ្នានេះ។ Henrik Mkhitaryan ជាអ្នកបើកការនាំមុខមុនអោយ Manchester United នៅនាទីទី១០ តែ Sofiane Hanni ជាអ្នកតាមស្មើអោយ Anderlecht នៅនាទីទី៣២។ ១-១ នេះរក្សាដល់ចប់ ៩០នាទីធ្វើអោយក្រុមទាំងពីរស្មើគ្នាសរុបទាំងពីរជើង ២-២ តំរូវបន្ថែម ១៥នាទីពីរលើក។ ខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Marcus Rashford គឺជាអ្នកសំរេចជោគវាសនា Manchester United ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នេះដោយស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះនាទីទី១០៧។ យ៉ាងណាក៏ដោយ Manchester United បានបាត់បង់កីឡាករសំខាន់ពីររូបដោយសាររបួសគឺ Marcos Rojo និង Zlatan Ibrahimovic។

Schalke 04 3-2 Ajax
Schalke 04 3-2 Ajax

ចំណែកការប្រកួតនៅទឹកដីអាល្លឺម៉ង់ក្រុមម្ចាស់ផ្ទះ Schalke 04 ទទួលភ្ញៀវហូឡង់ Ajax Amsterdam បន្ទាប់ពីជើងទីមួយ Ajax ឈ្នះ ២-០។ ក្រុមម្ចាស់ផ្ទះបានវាយបកតាមស្មើវិញ ២-២ សរុបទាំងពីរជើង តាមរយៈពីរគ្រាប់របស់ Leon Goretzka នាទីទី៥៣ និង Guido Burgstaller នាទីទី៥៦។ តែមុនចប់ ៩០នាទីក្រុមភ្ញៀវ Ajax បាត់បង់កីឡាករម្នាក់ដោយ Joel Veltman ត្រូវបានបណ្ដេញចេញពីការប្រកួតមានន័យថា Ajax ត្រូវមានគ្នាតែ ១០នាក់នៅម៉ោង ១៥នាទីពីរដង។ ក្នុងម៉ោងបន្ថែមនោះ Schlake ក៏មានឱកាសនាំមុខនៅនាទីទី១០១ ដោយ Daniel Caliguiri តែរឿងមិនគួរអោយជឿនោះ Ajax ដែលមានគ្នាតិចជាងបែរជារកគ្រាប់តាមស្មើបានវិញដោយ Nick Viergever ហើយមិនត្រឹមតែប៉ុណ្ណោះក៏រកបានមួយគ្រាប់ទៀតដោយ Amin Younes នាទីទី១២០។ ចប់ការប្រកួត Ajax Amsterdam ឡើងវគ្គបន្តដោយឈ្នះសរុបទាំងពីរជើង ៤-៣។

Schalke 04 3-2 Ajax
Schalke 04 3-2 Ajax

លទ្ធផលផ្សេងទៀត Genk ស្មើគ្នា ១-១ ជាមួយ Celta Vigo សរុបទាំងពីរជើង Celta Vigo ឈ្នះ ៤-៣ និង Lyon ទម្លាក់ Besiktas ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដីក្រោយស្មើទាំងពីរជើង ៣-៣។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងត្រូវបានចាប់ឆ្នោតល្ងាចនេះ៕
អត្ថបទ៖នាង សុភាវុធ