ក្នុង​មួយឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​ជិត​មួយ​ម៉ឺន​នាក់​បាន​ស្លាប់​ដោយ​ការប្រើប្រាស់​ថ្នាំជក់

114

សៀមរាប ៖ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជា បានចំណាយលុយជាងពីរលានដុល្លារក្នុងមួយឆ្នាំៗ ទៅលើការទិញបារីជក់ ហើយនៅមានការចំណាយច្រើនជាងនេះឆ្ងាយណាស់ទៅលើការព្យាបាលជំងឺដែលបង្កដោយការជក់បារី។

វេជ្ជបណ្ឌិត រ៉ាយ រ៉ានី តំណាងមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព បានបង្ហាញអំពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ ទាំងអ្នកជក់ ក៏ដូចជាអ្នកស្រូបផ្សែងបារីពីគេ។ លោកស្រី បានបញ្ជាក់ថា នៅទូទាំងពិភពលោក តាមរយៈនៃការប្រើប្រាស់ថ្នាំជក់ បណ្តាលឲ្យមនុស្សប្រមាណជា៦លាននាក់ ត្រូវបាត់បង់ជីវិត ក្នុងនោះ មានប្រជាពលរដ្ឋកម្ពុជា ប្រមាណជិតមួយម៉ឺននាក់ផងដែរ ដែលរងគ្រោះថ្នាក់ដល់ជីវិត ដោយសារតែការជក់បារី និងស្រូបផ្សែងបារីពីអ្នកដទៃ។

លោកស្រី បានឲ្យដឹងដូចនេះ កាលពីម្សិលម៉ិញ ថ្ងៃទី២០ ខែមេសា នេះ ពេលចូលរួមធ្វើជាវាគ្មិននៃវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារី នៅក្នុងខេត្តសៀមរាប។

លោកស្រី បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋកម្ពុជា បានចំណាយលុយប្រមាណជាជាង២លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីទិញបារីជក់។ លើសពីនេះ ទៀត ប្រជាពលរដ្ឋកម្ពុជា បានចំណាយថវិកា ច្រើនជាង២លានដុល្លារ សម្រាប់ការព្យាបាលជំងឺដែលបង្កដោយការជក់បារី។

វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារីនេះ រៀបចំឡើងដោយ អង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH)។ មន្ត្រីមូលដ្ឋានគោលដៅ មកពីបណ្តាសង្កាត់ទាំង១៣ ក្នុងក្រុងសៀម រាប មន្ត្រីជំនាញពាក់ព័ន្ធ មកពីមន្ទីរ-ការិយាល័យទេសចរណ៍ និងសុខាភិបាល អង្គការដៃគូផងដែរ បានជជែកគ្នាអំពីវិធីសាស្ត្រនៃការកាត់បន្ថយការជក់បារី។

ការពិភាក្សានេះ សំដៅឆ្ពោះទៅរកការធ្វើឲ្យប្រសើរឡើងលទ្ធផលនៃការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ដោយបន្ថែមវិធីសាស្ត្រថ្មីៗទៀត ដែលក្រៅពីការអប់រំបង្ហាញអំពីផលប៉ះពាល់ដោយការជក់បារី ឆ្ពោះទៅរកវិធីសាស្ត្រនៃការពង្រឹងការគោរព និងការអនុវត្តន៍ច្បាប់។

វគ្គបណ្តុះបណ្តាល លើកបង្ហាញអំពីចំណុចសំខាន់ៗទាំង៤ រួមមាន ការដាក់សារព្រមានសុខភាពជារូបភាពលើកញ្ចប់បារី ការហាមជក់នៅកន្លែងធ្វើការ និងទីសាធារណៈ ការហាមមិនឲ្យមានការផ្សាយពាណិជ្ជកម្មបារីនៅក្នុងមូលដ្ឋាន និងការតាំងកញ្ចប់បារីមិនឲ្យលើសមួយកញ្ចប់ក្នុងមួយម៉ាក។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏បានបញ្ជាក់ផងដែរថា នៅកម្ពុជា ច្បាប់មិនបានហាមឃាត់ការលក់បារីនោះទេ ប៉ុន្តែអ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម ត្រូវមានតួនាទីពិនិត្យមើលការគោរព-អនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។ ការតាក់តែងឲ្យមានច្បាប់នេះ គឺមានគោលបំណងដើម្បីការពារសុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់សុខភាព សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលបណ្តាលមកពីការផលិតថ្នាំជក់នោះ៕

bari bari1 bari2