នាយករដ្ឋមន្ត្រី​វៀតណាម​ នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ​ចំនួន​៣​ថ្ងៃ​ដើម្បី​ចូលរួម​សម្ពោធ​ស្ពាន​ឆ្លង​ពី​កម្ពុជា​ទៅ​វៀតណាម

49

 

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន សួនហ្វុក នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាមឲ្យកាន់តែល្អប្រសើរបន្ថែមទៀត នឹងចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានឆ្លងកាត់ពីកម្ពុជាទៅវៀតណាមនៅខេត្តកណ្តាលផងដែរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោក ង្វៀន សួនហ្វ៊ុក នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ បន្ទាប់មកលោក ង្វៀន សួនហ្វ៊ុក ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយនឹងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងអំឡុងដំណើរទស្សនកិច្ចនេះផងដែរលោក ង្វៀន សួនហ្វ៊ុក និងសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីសម្ពោធស្ពានតភ្ជាប់ជ្រៃធំ (ខេត្តកណ្ដាល) និងឡុងប៊ិញ (ខេត្តអានយ៉ាង) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។

ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម នេះទូរទស្សន៍ប៊ីធីវីមិនអាចសុំការអត្ថាធិប្បាយបន្ថែមពីក្រសួងការបរទេសបានទេ តែយ៉ាងណាក្តីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ដំណើរទស្សនកិច្ចនេះគឺជាការឆ្លុះបញ្ចាំងនូវចំណងមិត្តភាពរវាងកម្ពុជានិងវៀតណាម ហើយក៏ជាការផ្លាស់ប្តូរនៅដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរហូតដល់ថ្នាក់ក្រោមនៃប្រទេសទាំងពីរផងដែរ ហើយក៏ជាការ គូសបញ្ជាក់ពីការប្រារព្ធឆ្នាំមិត្តភាព២០១៧ និងខួបអនុស្សាវរីយ៍លើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាមផងដែរ៕