ឥណ្ឌា​ នឹង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ភាសា ​សម្រាប់​នាយទាហាន​កម្ពុជា ​នាពេល​ខាង​មុខនេះ

32

ភ្នំពេញ ៖ លោក Naveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាថា រដ្ឋាភិបាលឥណ្ឌាគ្រោង នឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាអង់គ្លេសដល់នាយទាហានកម្ពុជា នាពេលខាងមុខនេះ ហើយនឹងបង្កើនអាហារូបករណ៍ដល់សិក្ខាកាមដែលជាទាហានកម្ពុជាបន្ថែមទៀត ផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យវិស័យយោធាកម្ពុជាកាន់តែមានធនធានមនុស្សថែមទៀត។

ការសន្យាបែបនេះ របស់លោក Naveen Srivastava គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះនៅក្រសួងការពារជាតិ។

លោកឯកអគ្គរដ្ឋទូតបានសន្យាចំពោះមុខនាយឧត្តមសេនីយ៍ ទៀ បាញ់ថា រដ្ឋាភិបាល របស់លោក នឹងបន្តផ្តល់ជំនួយដល់វិស័យការពារជាតិកម្ពុជាបន្ថែមទៀត ទាំងសម្ភារៈបច្ចេកទេស និងធនធានមនុស្ស ហើយជាងនេះទៅទៀតឥណ្ឌា នឹងបញ្ជូនគ្រួផ្នែកភាសាអង់គ្លេសមកបណ្តុះបណ្តាលដល់នាយទាហានកម្ពុជា នាពេលខាងមុខនេះផងដែរ។តែយ៉ាងណាក្តីលោក Naveen Srivastavaមិនទាន់កំណត់ពេលថា នឹងត្រូវបញ្ជូនមកថ្ងៃណានោះឡើយ។

ជាការឆ្លើយតបនាយឧត្តមសេនីយ៍ ទៀ បាញ់បានសម្តែងការស្វាគមន៍ចំពោះភាគីឥណ្ឌាដែលគ្រោងនឹងបង្កើតនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាអង់គ្លេសដល់នាយទាហានកម្ពុជានេះ ហើយឯកឧត្តម រំពឹងថា ធនធានមនុស្សក្នុងវិស័យការពារជាតិ នឹងកាន់តែប្រសើរបន្ថែមទៀតផងដែរ។

ជាមួយគ្នានោះនាយឧត្តមសេនីយ៍ ទៀ បាញ់ឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរអគុណដល់វិស័យការពារជាតិឥណ្ឌាដែលបានផ្តល់ជំនួយជាសត្វសុនខដល់កម្ពុជាសម្រាប់ដោះមីនកាលពីពេលថ្មីៗនេះផងដែរ ហើយថា ជំនួយដែលរដ្ឋាភិបាលឥណ្ឌាផ្តល់ជូនដល់កម្ពុជានាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ឫ អនាគត គឺជាការបញ្ជាក់អំពីភាពទំនាក់ទំនងរវាងកងទ័ព នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ៕