កម្មក​រ​និយោជិក​ សាទរ​នឹង​ការ​បើក​ប្រាក់ខែ​២​ដង​ ក្នុង​មួយ​ខែ​

219

ភ្នំពេញ ៖ កម្មករនិយោជិកបានសម្ដែងត្រេកអរ និងសាទរ ទៅលើគម្រោងការអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីការបើកប្រាក់ខែចំនួន២ដង ក្នុងមួយខែ ឫអាចនិយាយថាកន្លះខែបើកប្រាក់ខែម្តង។

កម្មការិនី ញ៉ែម ចាន់ធឿន បម្រើការងារនៅរោងចក្រកាត់ដេរសំលៀកបំពាក់រាជធានីភ្នំពេញ បានប្រាប់ នៅព្រឹកថ្ងៃទី២១ ខែមេសា នេះ ថា បន្ទាប់ពីទទួលបានព័ត៌មានថា នឹងមានការ បើកប្រាក់ខែកន្លះ ខែម្តងនេះ គឺពិតជាល្អណាស់សម្រាប់អ្នកនាង ក៏ដូចកម្មករដទៃ ទៀត ព្រោះថា ពេលខ្លះ គឺមានតម្រូវការផងដែរ សម្រាប់ធ្វើបុណ្យធ្វើទាន ឫ នៅពេលដោះទាល់ម្តងៗ នៅពេលមានបញ្ហាក្នុងគ្រួសារ។

ស្រដៀងគ្នាដែរ កម្មការិនី ចាន់ សុខលាង និង វន ស្រីរដ្ឋ ធ្វើការងារខាងផ្នែកដេររួមគ្នានៅរោងចក្រ ស្ថិតនៅផ្លូវវេងស្រេង បានលើកឡើងថា បើសិនជាមានអនុវត្តន៍ពិតមែនគឺល្អសម្រាប់អ្នកខ្វះខាត ក្នុងការ ដោះដូរគ្នា ក្នុងលទ្ធភាពដែលអាចផ្តល់ទៅគ្រួសារ ឬសាច់ញាតិជាដើម។

បើតាមការបញ្ជាក់នាពេលកន្លងមករបស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ការគ្រោងដាក់ឲ្យមានបើកប្រាក់ខែ២ដងក្នុងមួយខែនេះ នឹងអនុវត្តន៍ នៅចុងឆ្នាំ២០១៧នេះ ខណៈដែលបច្ចុប្បន្នការងារនេះ កំពុងស្ថិតក្នុងការពិភាក្សាជាមួយភាគីពាក់ព័ន្ធ ជាពិសេសខាងផ្នែកនិយោជក ដែលផ្តោតសំខាន់គឺការពិភាក្សាអំពីនីតិវិធី និងពេលណាអាចចាប់ផ្តើមទៅបាន៕

factory factory1