សម្តេច​តេ​ជោ រម្លឹក​ពី​ប្រវត្តិសាស្ត្រ​ដែល​នាំឱ្យ​ប្រទេស​កម្ពុ​ជា​មាន​សុខសន្តិភាព​

75

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅតែរម្លឹកជូនដល់មន្ត្រីរាជការ នៅតាមស្ថាប័ន ក្រសួង អំពីអតីតកាលកម្ពុជា ដែលឆ្លងកាត់ពីការបែកបាក់មកកាន់សន្តិភាព ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។

មេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាលើកឡើងដូចនេះក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ ដែលជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មកពីស្ថាប័នក្រសួងចំនួន៤ គឺក្រសួងទេសចរណ៍ ,ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ,ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, និងមជ្ឈមណ្ឌលកំចាត់មីន នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី២១ខែមេសានេះ។

សម្តេចតេជោរីករាយដែលបានមកជួបជុំសំណេះសំណាល ជាមួយថ្នាក់ដឹកនាំគណបក្ស មន្ត្រីរាជការ ដែលជាសមាជិក សមាជិកា មកពីស្ថាប័នទាំង៤ ដោយបាន ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការទាំងអស់ សម្រាប់ឆ្នាំថ្មីដែលទើបចូលមកដល់ថ្មីៗនេះ ហើយសម្តេចមានប្រសាសន៍ថា ការជួបជុំនៅថ្ងៃនេះ គឺជាការអញ្ជើញតែសមាជិក សមាជិកាបក្សតែប៉ុណ្ណោះដើម្បីឈានទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅពេលខាងមុននិងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ ។

សម្តេចតេជោ កោតសរសើរចំពោះការខិតខំទាំងអស់ របស់គណបក្សគ្រប់ថ្នាក់ គ្រប់ស្ថាប័ន មន្ត្រីគណបក្ស និងសមាជិក សមាជិកាបក្ស ដែលបានខិតខំរួមចំណែកធ្វើឱ្យប្រទេសជាតិឲ្យមានការរីកលូតលាស់ ពីដំណាក់កាលមួយ មកកាន់ដំណាក់កាលមួយ ដែលកិច្ចការទាំងអស់សុទ្ធតែមាន តួនាទីរបស់គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ បន្តថា គណបក្សបានបំពេញតួនាទីសំខាន់ខ្លាំងណាស់ ជាពិសេសការសង្គ្រោះប្រទេសឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងការទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ ការដំណើរការស្វែងរកសំណោះស្រាយសន្តិភាព ហើយរយៈពេលចុងក្រោយ ជារយៈពេលដ៏សំខាន់ ដែលគណបក្សបានដើរតួនាទី ធ្វើការបង្រួបបង្រួមប្រទេស ដែលធ្លាប់តែជាប្រទេសមួយ មានតំបន់ត្រួតត្រាច្រើន មិនតិចជាង២ ក្នុងពេលតែមួយ មកកាន់ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាតែមួយ៕

 

shs 3 shs 1 shs 4 shs 5 shs 2