សារមន្ទីរ​សន្តិភាព និង​សម្ភារៈ​កម្ទេច​មីន តម្លៃ​ជាង​១២​លាន​ដុល្លារ ​នឹងត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវការ​នៅ​ខែ​ដើមខែ​កក្កដា​ខាងមុខ

112

 

សៀមរាប ៖ មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិ កម្ចាត់មីនកម្ពុជាដែលហៅកាត់ថា (ស៊ីម៉ាក់)បានថ្លែងអោយដឹងថា សារមន្ទីរសន្តិភាពដែលស្ថិតនៅខេត្តសៀមរាប និងសម្ភារៈកម្ទេចមីន តម្លៃជាង១២លានដុល្លារ នឹងត្រូវដាក់សម្ពោធឲ្យដំណើរការជាផ្លូវការនៅខែដើមខែកក្កដាខាងមុខ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិ កម្ចាត់មីនកម្ពុជា ដែលបានថ្លែងកាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ក្នុងពិធីបូកសរុបការងារត្រីមាសរបស់ស៊ីម៉ាក់ បានបញ្ជាក់ថា សារមន្ទីរសន្តិភាព នៅខេត្តសៀមរាប រួមទាំង រថយន្តបម្រើការដោះមីន គ្រឿងចក្រកម្ទេចមីន អាវក្រោះ ឧបករណ៍រាវមីន និងគ្រឿងបន្លាស់ សរុបតម្លៃប្រមាណ១២លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែកក្កដា ឆ្នាំ២០១៧ខាងមុខហើយ នៅខេត្តសៀមរាប។

លោក ហេង រតនា បានបញ្ជាក់ថា « រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងបានរៀបចំសារមន្ទីរសន្តិភាពនោះ បានប្រមាណ៨០ភាគរយហើយ និងកំពុងតែមមាញឹកដំណើរការរៀបចំអោយបានរួចរាល់នៅមុនកាលបរិច្ឆេទ កំណត់មកដល់។ យើងគ្រោងនឹងដាក់សម្ពោធ អាចនៅថ្ងៃទី៥ ឫទី៦ ដើមខែកក្កដានេះ ដោយមានការចូលរួមជាអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»

បើតាមលោក ហេង រតនា នៅក្នុងពិធីដាក់សម្ពោធនោះ ក៏មានពិធីផ្ទេរ និងប្រគល់រថយន្ត៨៨គ្រឿង គ្រឿងចក្រកម្ទេចមីន៩គ្រឿង ឧបករណ៍រាវមីន៧៨៨គ្រឿង អាវក្រោះ៤៥០កំប្លេ និងគ្រឿងបន្លាស់មួយចំនួនទៀតផងដែរ សម្រាប់បំរើអោយវិស័យដោះមីននៅកម្ពុជា។

អគ្គនាយកស៊ីម៉ាក់រូបនេះ ក៏បានបញ្ជាក់ផងដែរថា សារមន្ទីរសន្តិភាព បង្កើតឡើងដើម្បីចង់បង្ហាញពីប្រវត្តិសង្គ្រាម សកម្មភាពក្នុងសង្គ្រាម ការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះក្រោយសង្គ្រាម និងការអភិវឌ្ឍន៍ក្រោយបោសសំអាតសំណល់ជាតិផ្ទុះរួច ដើម្បីបង្ហាញជូនប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់នេះ និងជំនាន់ក្រោយៗទៀត ចងចាំនិងយល់ពីសភាពការណ៍ ជាក់ស្តែងមួយចំនួននៃសង្គមខែ្មរ។ ហើយវាក៏ជាគោលដៅដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ លោក ហេង រតនា ក៏បានជំរុញឲ្យមន្ត្រីស៊ីម៉ាក់ចូលរួមថែរក្សា ប្រើប្រាស់ សម្ភារៈ ឧបករណ៍ដោះមីន ឲ្យបានល្អ៕

heng rathana4 heng rathana3 heng rathana2 heng rathana