សមាជិក​ព្រឹទ្ធសភា​មួយចំនួន​បានស្នើ​រាជរដ្ឋាភិបាល ជួយ​រក​ទីផ្សារ​នាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​អោយ​ធំ​ទូលាយ

189

ភ្នំពេញ ៖ សមាជិកព្រឹទ្ធសភាមួយចំនួន នៅថ្ងៃទី ២១ មេសា បានស្នើរាជរដ្ឋាភិបាល ជួយរកទីផ្សារនាំចេញផលិត ផលកសិកម្មពីកម្ពុជា អោយធំទូលាយ។

សមាជិកព្រឹទ្ធសភា បានស្នើសុំដូចនេះក្នុង សម័យប្រជុំលើកទី១០ នីតិកាលទី៣ព្រឹទ្ធសភា ក្រោមអធិបតីភាព សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដើម្បីអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិនិងពិភាក្សា និងអនុម័តជាឯកច្ឆន្ទ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរាជរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ។

សមាជិកព្រឹទ្ធសភាមួយចំនួនបានស្នើអោយរាជរដ្ឋាភិបាល ជួយរកទីផ្សារនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិអោយបានធំទូលាយថែមទៀតព្រោះបច្ចុប្បន្នប្រជាកសិករកម្ពុជាមានលទ្ធភាពធ្វើរបរកសិកម្មសំរេចបានផលច្រើនប៉ុន្តែ មិនមានទីផ្សារនាំចេញអោយបានធំទូលាយដែលជាហេតុធ្វើអោយការលូតលាស់ជីវភាពរស់នៅមានការយឺតយ៉ាវ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរាជរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េមាន៣មាត្រានោះធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការសម្រួលពាណិជ្ជដោយបញ្ជាក់អោយបានច្បាស់ពីទំហំ និងលក្ខខ័ណ្ឌ ដែលភាគីមួយចំនួនអាចអនុវត្តការព្រមព្រៀង អាចឈានទៅលុបបំបាត់អត្រាពន្ធគយដើម្បីសម្រួលពាណិជ្ជកម្មក្នុងក្របខ័ណ្ឌប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ ៕