ក្រសួង​សេដ្ឋកិច្ច​បាន​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​បោះផ្សាយ​មូល​ប​ត្រ​

71

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតជាគោលការណ៍ឲ្យកំពង់ផែស្វយ័តខេត្តព្រះសីហនុ បោះផ្សាយមូលបត្រ និងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនលើផ្ទៃដី ៦៤ហិកតា នៅខេត្តព្រះសីហនុ។

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីម្សិលមិញនេះ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មការមូលបត្រកម្ពុជាបើកកិច្ចប្រជុំលើកទី៤៦ ដោយបានសម្រេចលើការងារមួយចំនួនរួមមាន ដូចជាអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើអាជីវកម្មលើផ្ទៃដីទំហំ១២៥ ហិកតា និងមានចំណតផែប្រវែងសរុប១៣៣០ម៉ែត្រ។

កំពង់ផែខេត្តព្រះសីហនុសហការជាមួយក្រុមហ៊ុន ថូលខេមបូឌាក៏បានធ្វើកិច្ចប្រតិបត្តិការប្រព័ន្ធផ្លូវដែក និងទីលានផ្ទុកទំនិញកុងតឺន័រក្នុងបរិវេណកំពង់ផែដើម្បីឲ្យអតិថិជនអាចដឹកជញ្ជូនទៅវិញទៅមកពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅភ្នំពេញ។ បន្ថែមពីលើនេះកំពង់ផែស្វយ័តក្រុងព្រះសីហនុធ្វើប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដីប្រមាណ៦៤ហិកតា ដែលស្ថិតនៅជាប់ស្ថានីយ៍ផែកុងតឺន័រផងដែរ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានជំរុញឲ្យក្រុមហ៊ុនត្រូវបន្តនីតិវិធីនៃការធ្វើប៊ុកបៀលឌីង រៀបចំសំណើលក់និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន ជាស្ថាពរអនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

កិច្ចប្រជុំក៏បានអនុញ្ញាតជាគោលការណ៍ ចំពោះការស្នើសុំការអនុញ្ញាតធ្វើអាជីវកម្មជាឈ្មួញជើងសាឧបករណ៍និស្សន្នរបស់ក្រុមហ៊ុនភ្នំពេញ ដេរីវ៉េទីវអុចឆេង ភីអិល ស៊ី និងសំណើសុំអាជ្ញាប័ណ្ណធ្វើជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្នរបស់ក្រុមហ៊ុនអាស្កាព អ៊ែសិត មេនិចម៉ិន ឯ.ក ក្រុមហ៊ុនប្ល៊ែកវែល គ្លូប៊ល អ៊ីនវេសម៉ិន(ខេមបូឌា)។ អនុម័តលើប្រភេទនៃឧបករណ៍និស្សន្នបន្ថែមដែលត្រូវជួញដូររបស់ក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍លីង (ខេមបូឌា)ព្រមទាំងប្រភេទឧបករណ៍និស្សន្នរបស់ក្រុមហ៊ុន ភ្នំពេញ ដេរីវ៉េទីវ អុចឆេងភីអិលស៊ីក្រុមហ៊ុនរ៉ូយ៉ាល់ ហ្វាយនែនសលខបភើរេសិន និងក្រុមហ៊ុនហ្គោលហ្វាយនែនសល គ្លូប៊ល អ៊ីនវេសម៉ិន។

ក្រសួងក៏បានអនុម័តលើសំណើ លើការសុំទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្ម ក្នុងវិស័យមូលបត្ររបស់ក្រុមហ៊ុនឌីឡ័យធ៍ (ខេមបូឌា)ខូអិលធីឌី និងក្រុមហ៊ុន ក្រូវ ហ័រវ៉ាត (ខេអេច) អិលធីឌី និងបានអនុម័តជាផ្លូវការលើសំណើសុំការទទួលស្គាល់ក្រុមមេធាវី ការិយាល័យមេធាវីផ្តល់សេវាផ្នែកច្បាប់ក្នុងវិស័យមូលបត្ររបស់ក្រុមមេធាវីកម្ពុជាបាយ័ន (ស៊ី ប៊ី អិល)ក្រុមមេធាវី អេច អឹម អិល & ខន់សាលថិន និងការិយាល័យមេធាវី ភី អេន អេអេស៊ា៕