អភិបាល​ខេត្តកំពត​ ៖ មេឃុំ​-​ចៅសង្កាត់ ត្រូវ​ប្រឹងប្រែង​បំពេញ​តួនាទី​រហូតដល់​ថ្ងៃ​ប្រកាស​តែងតាំង​មេឃុំ​-​ចៅសង្កាត់​ថ្មី​

58

កំពត ៖ ស្របពេលដែលយុទ្ធការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ជិតឈានចូលមកដល់ អភិបាលខេត្តកំពត បានជំរុញមេឃុំចៅសង្កាត់ ឲ្យខិតខំបំពេញការងាររបស់ខ្លួនរហូតដល់ថ្ងៃប្រកាសតែងតាំងមេឃុំចៅសង្កាត់ថ្មី បើទោះជាខ្លួនអាចជាប់ ឫ មិនជាប់។

ក្នុងកិច្ចប្រជុំគណៈកម្មការឯកភាពរដ្ឋបាលខេត្តកំពត នៅថ្ងៃទី២១ ខែមេសា នេះ ឯកឧត្តម ចាន់ ចេស្តា បានថ្លែងថា ក្នុងនាមជាមេឃុំចៅសង្កាត់ ត្រូវខិតខំធ្វើការបម្រើប្រជាពលរដ្ឋរបស់ខ្លួនឲ្យអស់ពីកម្លាំងកាយចិត្ត ដោយអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកជំរុញកត្តាជីវភាព លទ្ធភាព និងសមត្ថភាពដល់ប្រជាពលរដ្ឋក្នុងភូមិឃុំរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង បើទោះជាអាណត្តិថ្មីបានជាប់ ឬមិនជាប់ជាមេឃុំក៏ដោយ។

ឯកឧត្តម បានក្រើនរំឭកផងដែរ ដល់គ្រប់អង្គភាព ស្ថាប័ន និងឃុំសង្កាត់ទាំងអស់ក្នុងខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបទល្មើសធម្មជាតិ ដោយមានការចូលរួមសហការគ្នាប្រកបដោយការទទួលខុសត្រូវខ្ពស់ ចៀសវាងការឆ្លើយដាក់គ្នាទៅវិញទៅមក ឬឆ្លើយថា មិនដឹងរឿងកើតឡើង នៅក្នុងតំបន់ ឬដែនសមត្ថកិច្ចរបស់ខ្លួន។

ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំមួយនោះផងដែរ អំពីការត្រៀមកម្លាំងក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលនឹងចាប់ផ្តើមនៅថ្ងៃ២០ ខែឧសភា ខាងមុខនេះ។

លោកថា សម្រាប់ខេត្តកំពត មានកម្លាំងគ្រប់គ្រាន់ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

មេឃុំចាស់ ដែលមិនបានឈរឈ្មោះជាបេក្ខភាពមេឃុំលំដាប់លេខរៀងទី១ ក្នុងអាណត្តិទី៤នេះ នឹងត្រូវបានតែងតាំងជាទីប្រឹក្សារបស់ក្រសួងទេសចរណ៍ មានឋានៈស្មើនឹងអនុប្រធាននាយកដ្ឋាន ហើយធ្វើការជាជនបង្គោលនៅក្នុងឃុំ និងមានមុខងារជួយជ្រោមជ្រែងមេឃុំថ្មី ដែលទើបនឹងជាប់ឆ្នោត។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្តមអភិបាលខេត្តកំពត៕

chan chesda2 chan chesda1 chan chesda3 chan chesda