ADB​សន្យាថា​នៅតែ​បន្ត​ជួយ​ជា​កញ្ចប់​ហិរញ្ញប្បទាន​កាន់តែ​ច្រើនជាង​មុន ថែមទៀត​ដល់​កម្ពុជា​

80

ដោយសារតែកម្ពុជាក៏ជាប្រទេសដែលតែងតែរងគ្រោះរាំងស្ងួត និងបញ្ហាទឹកជំនន់ផងនោះ ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ADB បានសន្យាដោយអះអាងថា ខ្លួននៅតែបន្តជួយជាកញ្ចប់ហិរញ្ញប្បទានកាន់តែច្រើនជាងមុន ថែមទៀតដល់កម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាបញ្ចៀសឲ្យបាននូវរាល់បញ្ហាទាំងនោះ។

ភ្នំពេញ៖ លោក សាម៊ុយឡឺ ទុយគួហ្វូ នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា អះអាងនិងសន្យាបែបនេះ ខណៈដឹកនាំគណៈប្រតិភូADB មកពីទីស្នាក់ការកណ្ដាលចូលជួបឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយមនាថ្ងៃទី២១មេសានេះ ដើម្បីរាយការណ៍ជូនអំពីការងារដែលកំពុងអនុវត្តរបស់ ADBលើវឌ្ឍនភាព នៃគម្រោងនានាជាមួយក្រសួងធនធានទឹកនិងឧតុនិយម។

លោកបានបន្តថា ADB បានជួបប្រជុំជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងក្រសួងពាក់ព័ន្ធផ្សេងៗទៀត កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៧ ដើម្បីពិនិត្យទៅលើគម្រោងផែនការ ដែលត្រូវអនុវត្តបន្តចាប់ពីឆ្នាំ ២០១៨ដល់២០២០។

ទាក់ទងជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម អង្គប្រជុំក៏បានឯកភាពគ្នាក្នុងការបន្តអនុវត្តន៍លើគម្រោងជាអាទិភាពចំនួន៣ ដែលក្នុងនោះ ទី១ គឺគម្រោងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ( Irrigated Agricultural Improvement Program) ដែលមានកញ្ចប់ថវិកាជាង២៥០លានដុល្លារអាមេរិក ដោយចែកចេញជា៣វគ្គ ទី២ គម្រោង Climate Friend Agri-business Value Chains ដែលក្នុងនោះ កញ្ចប់ថវិកាសម្រាប់អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម មានប្រមាណ២៣ លានដុល្លារអាមេរិក និងទី៣គម្រោង Infrastructure Value Chains ដែលអនុវត្តន៍ដោយកញ្ចប់ថវិកាសម្រាប់អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម មានប្រមាណ៣០លានដុល្លារអាមេរិក។

ជាការឆ្លើយតប ឯកឧត្តម លឹម គានហោ បានឯកភាពទាំងស្រុងទៅនឹងស្មារតីអង្គប្រជុំ ដែលបានរៀបចំឡើង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹមនេះ ក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម និងបងប្អូនប្រជាកសិករ កម្ពុជា ឯកឧត្តម លឹម គានហោបានសំដែងនូវអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលកន្លងមកបានជួយឧបត្ថម្ភ គាំទ្រដល់ ក្រសួងធនធានទឹកនិងឧតុនិយមទាំងផ្នែកទន់ ទាំងផ្នែករឹង។ នៅពេលនេះទៀតសោតADBក៏នៅតែបន្តជួយជាមួយនឹងកញ្ចប់ ហិរញ្ញប្បទានកាន់តែច្រើនជាងមុន។

ឯកឧត្ដម លឹម គានហោ បានបញ្ជាក់ថា កម្ពុជានៅតែបន្តសហការជាមួយADB និងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដោយធានាយ៉ាងណាជំរុញ ឱ្យប្រជាកសិករប្រើប្រាស់ឱ្យអស់លទ្ធភាពទឹកដែលមានបំរើឱ្យការដាំដុះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព។

ម្យ៉ាងវិញរាល់សមិទ្ធផលធំៗដែលADB បានជួយមក គឺកសាងដោយមានការពិនិត្យបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ ទៅលើគុណភាពនៃសំណង់ ដើម្បីធានាប្រើប្រាស់បានយូរអង្វែងហើយក៏មានការ ពិនិត្យជួសជុលថែទាំបានយ៉ាងល្អទៀតផង៕